ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)បានជំរុញឲ្យមន្ត្រីរបស់ខ្លួនទូទាំងប្រទេសបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់និងគុណភាពប្រេងនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ ក៏ដូចជាការផលប្រយោជន៍របស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
ការជំរុញឲ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោយតម្លៃប្រេងលក់រាយនៅកម្ពុជាបានហក់ឡើងប្រមាណ៤០០រៀលក្នុងមួយលីត្រ។ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែកន្លងមកនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២០០កន្លែងក្នុងចំណោមជិត៩០០កន្លែងដែលខ្លួនបានចុះត្រួតពិនិត្យ ត្រូវបានរកឃើញលក់បន្លំគុណភាព និងបរិមាណ។
ស្របពេលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាកំពុងមានការកើនឡើងឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជំរុញឲ្យមន្ត្រីបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ដើម្បីទប់ស្កាត់ការអនុវត្តមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ ពាក់ព័ន្ធនឹងការកឹបកេងយកចំណេញដោយខុសច្បាប់ទាំងផ្នែកបរិមាណ គុណភាព និងថ្លៃលក់។ ការប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលផងដែរ។
ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ចាប់ពីខែមករា ដល់ដើមខែសីហា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ នៅទូទាំងប្រទេស បានចំនួន៨៧៤ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន១៧៧ បានប្រកបអាជីវកម្មមិនស្មោះត្រង់ផ្នែកគុណភាព និងបរិមាណ។ ក្រោយបានរកឃើញ មន្រ្តីជំនាញបានអនុវត្តវិធានការពិន័យអន្តរការណ៍តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបានតម្រូវឱ្យម្ចាស់ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវឱ្យបានសមស្របផងដែរ។ ចំនួននេះបើប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ភាពមិនអនុលោមដែលត្រូវបានរកឃើញមានការថយចុះពីជាង៣០% មកនៅត្រឹមចំនួនជាង១៩%។
ក្រៅពីចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាព មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះឃ្លាំពិនិត្យថ្លៃលក់រាយនៅតាមបណ្តាស្ថានីយនិងដេប៉ូប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការដាក់លក់ប្រេងជូនអតិថិជន លើសពីថ្លៃដែលកំណត់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មជារៀងរាល់ថ្ងៃផងដែរ។ យោងតាមលទ្ធផលនៃការឃ្លាំពិនិត្យមានស្ថានីយ និងដេប៉ូក្នុងចន្លោះពី៦០% ទៅ ៧០% លក់ប្រេងត្រឹមត្រូវតាមថ្លៃកំណត់ ខណៈពៅ៣០%ទៅ៤០% លក់ប្រេងទាបជាងថ្លៃកំណត់ និងពុំមានស្ថានីយឬដេប៉ូលក់លើសថ្លៃកំណត់នោះឡើយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន។
បន្ទាប់ពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋាន ក.ប.ប. ពិសេសវិស័យប្រេងឥន្ធនៈ ឯកឧត្តម ផាន អូន សង្កេតឃើញថា បទល្មើសពាក់ព័ន្ធនឹងការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ មានការថយចុះគួរកត់សម្គាល់ ដែលនេះបានបង្ហាញពីការយល់ដឹងនឹងការចូលរួមអនុវត្តច្បាប់របស់ធុរជនក្នុងវិស័យប្រេងឥន្ធៈ៕