(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr.) បានប្រាប់ឱ្យដឹងនៅថ្ងៃចន្ទនេះថា ទីក្រុងម៉ានីលបានកោះហៅ ឯកអគ្គរដ្ឋទូតចិនដើម្បីផ្តល់ការបកស្រាយ បន្ទាប់ពីនាវាឆ្មាំសមុទ្រចិន បានពាំងផ្លូវហើយប្រើកាណុងបាញ់ទឹកដាក់មកលើទូករបស់ហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលជាដែនទឹកមានបញ្ហាវិវាទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។
លោក ម៉ាកូស បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋមន្រ្តីការបរទេសរបស់យើង បានកោះហៅឯកអគ្គរដ្ឋទូតចិន លោក ហ័ង នៅថ្ងៃនេះ និងបានផ្ញើកំណត់ទូតមួយទៅកាន់រូបលោក ដែលរួមមាននូវរូបភាពនិងវីដេអូនៃអ្វីដែលបានកើតឡើង ហើយយើងកំពុងតែរង់ចាំការឆ្លើយតបមកវិញ»។ ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ខណៈដែលឆ្មាំសមុទ្រហ្វីលីពីនបានអមដំណើរទូកមួយចំនួនដែលដឹកស្បៀងអាហារ ទឺក ឥន្ធនៈ និងបរិក្ខារផ្គត់ផ្គង់ផ្សេងទៀត សម្រាប់កងទ័ពហ្វីលីពីន ដែលកំពុងឈរជើងនៅទីប្រជុំកោះ Spratly។
គួរបញ្ជាក់ថា យោធានិងឆ្មាំសមុទ្រហ្វីលីពីន បានចោទប្រកាន់កប៉ាល់ឆ្មាំសមុទ្រចិន ពីការបើកមកពាំងផ្លូវ និងការប្រើកាណុងបាញ់ទឹកមកលើបេសកកម្មរបស់ខ្លួន និងបានថ្កោលទោសសកម្មភាពរបស់កប៉ាល់ចិន ថាជាទង្វើខុសច្បាប់និងប្រកបដោយគ្រោះថ្នាក់។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញារបស់ហ្វីលីពីន ព្រមទាំងចក្រភពអង់គ្លេស អូស្រ្តាលី និងសហភាពអឹរ៉ុប ក៏បាននាំគ្នាចេញមុខមករិះគន់លើ សកម្មភាពរបស់ទីក្រុងប៉េកាំងផងដែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ចិនបានលើកឡើងថា ខ្លួនបានចាត់វិធានគ្រប់គ្រងដែលចាំបាច់ ប្រឆាំងនឹងទូកហ្វីលីពីនទាំងឡាយ ដែលបានបំពានដោយខុសច្បាប់ ចូលក្នុងដែនទឹករបស់ប្រទេសចិន៕