ចិនជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ ជាលទ្ធផលមហាអំណាចអាស៊ីមួយនេះបានរងគ្រោះខ្លាំង នៅពេលដែលអាម៉េរិកនាំចូលទំនិញច្រើនពីម៉ិកស៊ិក និងកាណាដា ។ នៅខែកក្កដា ការនាំចេញរបស់ចិនបានធ្លាក់ចុះ ១៤,៥ភាគរយ ខណៈការចេញថយចុះ ១២,៤ភាគរយធៀបឆ្នាំមុន។
បើតាមស្ថិតិដែលចេញផ្សាយដោយរដ្ឋបាលគយចិននៅថ្ងៃទី ៨ ខែសីហា សម្រាប់ខែកក្កដាការនាំចេញរបស់មហាអំណាចអាស៊ីមួយនេះបានថយចុះ ១៤,៥ភាគរយមកត្រឹម ២៨១,៨ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ ហើយការនាំចូលបានធ្លាក់ចុះ ១២,៤ភាគរយមកដល់ ២០១,២ ពាន់លានដុល្លារធៀបឆ្នាំមុន ដែលបន្ថែមលើការធ្លាក់ចុះចំនួន៦,៨ភាគរយកាលពីខែមុន។
ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅអាម៉េរិក និងអឺរ៉ុបគួបផ្សំនិងអតិផរណាខ្ពស់ បានរួមចំណែកធ្វើឱ្យតម្រូវការសកលជាពិសេសទំនិញចិនធ្លាក់ចុះក្នុងប៉ុន្មានខែថ្មីៗនេះ។
ម៉ិកស៊ិក និងកាណាដាបានជំនួសចិនជាអ្នកផ្គត់ផ្គង់ទំនិញដ៏សំខាន់ទៅកាន់អាម៉េរិកនៅឆមាសទីមួយនៃឆ្នាំនេះ ដោយសារតែទីតាំងភូមិសាស្រ្តជិតធ្វើឱ្យថ្លៃដឹកជញ្ជូនទាបជាង និងការបង្វែរខ្សែច្រវាក់ផ្គត់ផ្គង់ពីចិនដែលកំពុងមានជម្លោះពាណិជ្ជកម្មជាមួយអាម៉េរិក។
ក្នុងឆមាសទីមួយឆ្នាំនេះ អាម៉េរិកបាននាំចូលទំនិញពីចិនមានតម្លៃប្រហែល ២០៣ពាន់លានដុល្លារ ធ្លាក់ចុះ ២៥ភាគរយបើធៀបឆ្នាំមុន។
អស់រយៈពេលជាង ១០ឆ្នាំមកហើយ ចិនតែងតែជាអ្នកផ្គត់ផ្គង់ទំនិញកំពូលទៅកាន់អាម៉េរិក។ ប៉ុន្តែតម្រូវការអ្នកប្រើប្រាស់នៅអាម៉េរិកសម្រាប់ទំនិញដែលផលិតពីចិនដូចជាទូរស័ព្ទ និងសម្លៀកបំពាក់កំពុងធ្លាក់ចុះបន្តិចម្តងៗ។
ទន្ទឹមនេះ ការរំខានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានជំរុញឱ្យអាម៉េរិកធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន នាំចូលកាន់តែច្រើនពីប្រទេសជិត។
ការនាំចូលទំនិញរបស់អាម៉េរិកពីចិនបានធ្លាក់ចុះមកនៅត្រឹម ៣៣,៥ពាន់លានដុល្លារក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលជាកម្រិតទាបបំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ។
ទីផ្សារសឺមីកុងឌុចទ័រត្រូវបានគេមើលឃើញថាជាក្បាលម៉ាស៊ីនកំណើនថ្មីនៃសេដ្ឋកិច្ចចិន។
អ្នកនាំពាក្យរដ្ឋបាលគយចិន លោក Lyu Daliang កាលពីខែកក្កដាបាននិយាយថា ការប៉ុនប៉ងរបស់អាម៉េរិក កំពុងបំបែកចិនចេញពីទីផ្សារសឺមីកុងឌុចទ័រពិភពលោក ក៏ដូចជាវិស័យបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតបានជះឥទ្ធិពលអាក្រក់ដល់ពាណិជ្ជកម្មចិន៕