Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំក្របខណ្ឌ ដើម្បីជំរុញការផ្តល់ឥណទានដោយផ្ទាល់រវាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍!

Media LNN | Aug 10, 2023
ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំក្របខណ្ឌ ដើម្បីជំរុញការផ្តល់ឥណទានដោយផ្ទាល់រវាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍!
Clinic narith

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិកំពុងរៀបចំយុទសាស្ត្រតម្រង់ទិស និងក្របខណ្ឌគតិយុត្តិ ដើម្បីបង្កើនប្រសិទ្ធភាព ក៏ដូចជាជំរុញកំណើននៃការផ្តល់ឥណទានដោយផ្ទាល់រវាងដៃគូហិរញ្ញវត្ថុអន្តរជាតិជាមួយវិស័យឯកជន«Non-Sovereign Loan»។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយតំណាងមកពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍អន្តរជាតិបានជួបពិភាក្សាគ្នាលើបញ្ហាប្រឈមនានា ដែលវិស័យឯកជន និងដៃគូអភិវឌ្ឍន៍បានជួបកន្លងមក ដើម្បីប្រមូលធាតុចូលសម្រាប់ចងក្រងក្របខណ្ឌជាក់លាក់រួមមួយនាពេលខាងមុខ។ ការរៀបចំក្របខណ្ឌនេះធ្វើឡើងក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសង្កេតឃើញថា ការផ្តល់ឥណទានដោយផ្ទាល់របស់ដៃគូអភិវឌ្ឍន៍ទៅកាន់វិស័យឯកជននាពេលកន្លងធ្វើឡើងក្រោមលក្ខណៈដាច់ដោយឡែកពីគ្នា ពុំមានក្របខណ្ឌជាក់លាក់រួមនោះទេ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការផ្តល់ឥណទានផ្ទាល់ដល់វិស័យឯកជនដោយដៃគូអភិវឌ្ឍន៍ ជាកាតាលីករជំរុញវិស័យឯកជនឱ្យកាន់តែមានលទ្ធភាពខ្ពស់ក្នុងការដើរតួជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងខ្សែចង្វាក់ផលិតតាមវិស័យនាននៅកម្ពុជា។ ហើយហិរញ្ញប្បទាននេះរឹតតែសំខាន់ថែមទៀតក្នុងបរិការណ៍ដែលកម្ពុជាកំពុងបោះជំហានប្រែខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់រូបនេះសង្កេតឃើញថា ការផ្តល់ឥណទានផ្ទាល់ដោយដៃគូអភិវឌ្ឍន៍កន្លងមក ត្រូវបានធ្វើឡើងក្នុងលក្ខណៈដាច់ដោយឡែកទៅតាមដៃគូនីមួយៗជាមួយវិស័យឯកជននីមួយៗ តាមវិស័យរៀងៗខ្លួន ដោយគ្មានក្របខណ្ឌយុទ្ធសាស្ត្រហិរញ្ញប្បទានក្នុងក្របខណ្ឌទូទាំងប្រទេសលើគ្រប់វិស័យប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ដើម្បីធានាប្រសិទ្ធភាពហិរញ្ញប្បទាន និងប្រសិទ្ធភាពសេដ្ឋកិច្ចនៅឡើយទេ។

ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមជាមួយក្រសួងសា្ថប័នពាក់ព័ន្ធបាន និងកំពុងខិតខំធ្វើការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជន ដែលគ្មានអចលនទ្រព្យសម្រាប់បញ្ចាំអាចប្រើប្រាស់កសិផលរបស់ខ្លួនធ្វើជាទ្រព្យបញ្ចាំក្នុងការទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍សម្រាប់ពង្រីកផលិតកម្មរបស់ខ្លួន។ ការលើកឡើងបែបនេះធ្វើឡើងក្រោយមានតំណាងវិស័យឯកជនមួយចំនួនបានលើកឡើងថា មានប្រជាពលរដ្ឋ និងអ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិកម្មជាច្រើនហាក់មានការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារពួកគេពុំមានទ្រព្យបញ្ចាំ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាស្តីពីការតម្រង់ទិសជាយុទ្ធសាស្ត្រក្នុងការរៀបចំក្របខណ្ឌការផ្តល់ឥណទានផ្ទាល់ ដល់វិស័យឯកជនដោយដៃគូអភិវឌ្ឍន៍ “Non-Sovereign Loan” មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ តំណាងវិស័យឯកជនក្នុងស្រុក និងតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិមកពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង PROPARCO នៃ AFD ជាដើម។ ក្រៅពីការចែករំលែកនូវព័ត៌មានពីឧបករណ៍ហិរញ្ញប្បទាន និងនីតិវិធីនៃការស្នើសុំហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ កិច្ចប្រជុំនេះ ក៏បានផ្តល់ឱកាសឲ្យវិស័យឯកជនលើកឡើងពីបញ្ហាប្រឈមនានាក្នុងការទទួលបានហិរញ្ញប្បទាន ដែលខ្លួនបានជួបប្រទះកន្លងមកផងដែរ៕