បច្ចុប្បន្ន ទំនិញដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេសអង្ករ បានឡើងថ្លៃគួរឱ្យកត់សម្គាល់ក្នុងបរិការណ៍ ដែលកម្ពុជារងនូវសម្ពាធសេដ្ឋកិច្ច និងអតិផរណា។ ដើម្បីទប់ស្កាត់នូវអតិផរណានេះ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ រួមនឹងវិស័យឯកជន កំពុងជំរុញការផលិតអង្ករឱ្យបានកាន់ច្រើន ដើម្បីទម្លាក់ថ្លៃក្នុងទីផ្សារសម្រាប់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងយកចិត្តទុកដាក់តាមដានសភាពការណ៍ លើការឡើងថ្លៃអង្ករ និងទំនិញនានា ក្នុងទីផ្សារ ខណៈកម្ពុជាកំពុងរងនូវសម្ពាធអតិផរណា។ បើតាមលោក ប៉ែន សុវិជាតិ ការឡើងថ្លៃទំនិញ ថ្លៃម្ហូបអាហារ និងស្បៀងនានាសព្វថ្ងៃនេះ វា គឺជាស្ថានភាពទូទៅនៃក្នុងបរិការណ៍មួយ ដែលការផ្គត់ផ្គង់មិនឆ្លើយតបនឹងតម្រូវការ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់នារសៀលថ្ងៃទី១០សីហា យ៉ាងដូច្នេះ៖ « នៅក្នុងជំហានដំបូងនៃការវាយតម្លៃនេះ យើងឃើញការឡើងថ្លៃ[អង្ករ]នាពេលបច្ចុប្បន្ននេះ យើងចាត់ទុកវាជាបាតុភូតនៃតម្រូវការ និងការផ្គត់ផ្គង់ ព្រោះកាលណាការផ្គត់ផ្គង់ខ្វះ ហើយមានតម្រូវការច្រើន នោះវានឹងធ្វើឱ្យទំនិញឡើងថ្លៃហើយ»។
ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងរងសម្ពាធសេដ្ឋកិច្ចនិងអតិផរណានេះ ក្រសួងពាណិជ្ជកម្ម ស្ថាប័ន និងដៃគូពាក់ព័ន្ធកំពុងជំរុញការផលិតអង្ករឱ្យបានច្រើនសម្រាប់ដាក់លើនៅទីផ្សារ ធ្វើឱ្យថ្លៃអង្ករចុះថោក ឬស្ថិតនៅក្នុងថ្លៃប្រក្រតីភាពវិញ។ លោក សុវិជាតិ បន្ថែម។
«យើងនឹងជំរុញការផលិតអង្ករឱ្យមានច្រើន ដើម្បីអន្តរាគមន៍ថ្លៃ នៅក្នុងទីផ្សារដែលស្ថិតនៅក្នុងជំហានរបស់ដំបូងយើង »។ នេះជាការរៀបរាប់របស់លោក ប៉ែន សុវិជាតិ ដោយបានបន្ថែមថា ក្នុងករណីការជំរុញផលិតកម្មអង្ករនេះនៅតែខ្វះ ឬ ថ្លៃអង្ករនៅទីផ្សារនៅតែឡើងខ្ពស់ នោះ ក្រសួងពាណិជ្ជកម្មនឹងបញ្ចេញអង្ករនៃស្បៀងបម្រុងរដ្ឋ ដើម្បីជួយដល់ការរស់នៅរបស់ពលរដ្ឋ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានអះអាងថា កម្ពុជាមានអង្ករដែលស្បៀងបម្រុងគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងតម្រូវការពលរដ្ឋ។ ស្បៀងទាំងនោះត្រូវបានរក្សាទុកនៅតំបន់ដែលងាយរងនូវគ្រោះមហន្តរាយ នៅតាមតំបន់ទន្លេសាប និងនៅខេត្តចំនួនដែលរងគ្រោះដោយទឹកជំនន់៕