ទោះបីជាការនាំចេញទំនិញជាច្រើនមុខរបស់កម្ពុជាមានការថយចុះ ក៏ពិតមែន ប៉ុន្ដែសម្រាប់ការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី គឺនៅតែសម្រេចបានកំណើនល្អប្រសើរគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅរយៈពេល៧ខែឆ្នាំនេះ ការនាំចេញផលិតផលគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១,៨ពាន់លានដុល្លារកើនឡើងជាង១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
អ្នកជំនាញនៅតែវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិចក្នងការរួមចុះណែកជួយជំរុញកំណើនសេដ្ឋកិច្ច។ ខណៈការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលទទួលបានចំណូលច្រើនជាគេ ក្នុងចំណោមមុខទំនិញសំខាន់ៗ ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិសរុប។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បើទោះបីការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិភាគច្រើនសុទ្ធតែមានការធ្លាក់ចុះ ដែលបានទាញទម្លាក់ទំហំនាំចេញសរុបក្ដី ប៉ុន្ដែសម្រាប់ការនាំចេញគ្រឿងម៉ាស៉ីន និងឧបករណ៍អគ្គិសនមានកំណើនគួរឲ្យកត់សម្គាល់។
ជាក់ស្តែងនៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣ ការនាំចេញផលិតផលទាំងនេះសម្រេចបានជាង១ពាន់៨រយលានដុល្លារអាមេរិកកើនឡើងយ៉ាងគំហុកជាង១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំតែជាង៩រយលានដុល្លារអាមេរិកប៉ុណ្ណោះ។ ទំហំនាំចេញសរុបរបស់កម្ពុជានៅ៧ខែឆ្នាំនេះសម្រេចបាន១៣ពាន់៥រយលានដុល្លារធ្លាក់ចុះជិត២%បើធៀបនឹងទំហំនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង១៣ពាន់៧រយលានដុល្លារអាមេរិក។
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចបានចាត់ទុកមុខទំនិញគ្រឿងម៉ាស៊ីន គ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីនេះ គឺជាផលិតផលដ៏សំខាន់សម្រាប់ការធ្វើពិពិធកម្មនាំចេញទំនិញរបស់កម្ពុជា។ អ្នកឧកញ៉ា លឹម ហេង អុនប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់ទុកភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិច គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ជាពិសេសវានឹងអាចចូលមកជំនួសការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើការនាំចេញផលិតផលកាត់ដេរ និងវាយនភណ្ឌ ដែលមានតម្លៃបន្ថែមទាប។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធ្លាប់បានបញ្ជាក់កន្លងមកថា បច្ចុប្បន្នវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នៅកម្ពុជាហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែខ្លាំងក្នុងសេដ្ឋកិច្ច។ ឯកឧត្តមរំពឹងថា តាមរយៈការដាក់ឲ្យអនុវត្តច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅ វានឹងធ្វើឲ្យវិនិយោគិនបរទេសមានការចាប់អារម្មណ៍វិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍តែម្ដង។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់រូបនេះយល់ថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នឹងមិនចូលមកជំនួសឲ្យវិស័យណារបស់កម្ពុជានោះទេ ពោលគឺទាំងវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យានឹងដើរទន្ទឹមគ្នាក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
យ៉ាងណាក៏ដោយ ការកាត់បន្ថយការចំណាយផ្សេងៗនៅលើសកលលោក ក្រោយសេដ្ឋកិច្ចបានរងការរង្គោះរង្គើ ដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងវិបត្តិជំងឺកូវីដ-១៩ជាដើម នៅតែជាបញ្ហាប្រឈមសម្រាប់ការនាំចេញរបស់កម្ពុជា។ ខណៈបញ្ហានេះ បានធ្វើឲ្យការនាំចេញទំនិញផ្សេងទៀតរួមទាំង ផលិតផលផ្នែកកាត់ដេរ វាយនភណ្ឌនៅតែបន្តធ្លាក់ចុះ។ ជាក់ស្ដែងនៅ៧ខែឆ្នាំនេះ កម្ពុជាសម្រេចបានការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ក្នុងទំហំទឹកប្រាក់ជាង៣ពាន់លានដុល្លារ ថយចុះជិត២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការនាំសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនមែនធ្វើពីក្រណាត់វិញ ក៏មានការថយចុះជាង១៤% ដែរ ដោយសម្រេចបានទំហំទឹកប្រាក់១,៤ពាន់លានដុល្លារនៅរយៈពេល៧ខែឆ្នាំនេះ។
សូមបញ្ជាក់ថា មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក អគ្គិសនី និងផលិតផលកង់ជាដើម។ បើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដ្បិតការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជា ជប៉ុន និងអាមេរិកនៅ៧ខែក្នុងឆ្នាំនេះហាក់មានការធ្លាក់ចុះ ប៉ុន្ដែបើមើលទៅលើការនាំចេញទៅកាន់ទីផ្សារប្រទេសធំៗ មួយចំនួនទៀត ដូចជាចិន វៀតណាម និងថៃ គឺសុទ្ធសឹងតែរក្សាបានអត្រាកំណើនជាវិជ្ជមាន៕