សហគ្រាសក្នុងស្រុកនៅប្រទេសវៀតណាមបាននាំចូលប្រេងឥន្ធនៈសរុបនៅក្នុងបរិមាណចំនួនប្រមាណជាជាង ៦លាន២សែនតោន ដើម្បីធានាការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុកក្នុងរយៈពេល ៧ ខែចុងក្រោយនេះ គិតជាទឹកប្រាក់ មានតម្លៃជិត ៥ ពាន់លានដុល្លារ។ ការនាំចូលប្រេងក្នុងបរិមាណច្រើនជាងមុនដល់ទៅជាង ១៥%នេះ ដោយសារតែមានរោងចក្រចម្រាញ់ប្រេងមួយចំនួនមានការផ្អាកប្រតិបត្តិការ ដើម្បីធ្វើការជួសជួល។
យោងតាមទិន្នន័យដែលចងក្រងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា សហគ្រាសក្នុងស្រុកបាននាំចូលផលិតផលប្រេងឥន្ធនៈសរុបជាង ៦លាន២ សែនតោន ដើម្បីធានាការផ្គត់ផ្គង់នៅក្នុងទីផ្សារក្នុងស្រុកក្នុងរយៈពេល ៧ ខែចុងក្រោយនេះ។ តាមសិ្ថតិដែលដកស្រង់ដោយសារព័ត៌មាន Vietnam News បានឲ្យដឹងថា ទំហំបរិមាណនៃការនាំចូលបានកើនឡើង ១៥% ប៉ុន្ដែតម្លៃនាំចូលវិញបានធ្លាក់ចុះជាង ១៣% មកនៅត្រឹមតែ ៥ ពាន់លានដុល្លារប៉ុណ្ណោះ។
ក្នុងខែកក្កដាតែមួយខែ ផលិតផលប្រេងឥន្ធនៈដែលវៀតណាមបាននាំចូលបានកើនឡើងដល់បរិមាណជាង ១លានតោន កើនឡើង ៦១% ធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន ហើយតម្លៃនាំចូលបានកើនឡើងជិត ៨% ពោលគឺមានតម្លៃដល់ទៅ ៧៩០ លានដុល្លារឯណោះ។
ក្រុមហ៊ុនចម្រាញ់ប្រេងឥន្ធនៈ Nghi Son បានអះអាងថា ការកើនឡើងនូវការនាំចូលកាលពីខែកក្កដាកន្លងទៅនេះ គឺដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក ចំពេលមានការផ្អាកប្រតិបត្តិការចម្រាញ់ប្រេងនៅតាមរោងចក្រមួយចំនួន ដើម្បីធ្វើការជួសជុល ។
រោងចក្រចម្រាញ់ប្រេងវៀតណាមនេះ បានប្រកាសផ្អាកសកម្មភាព រយៈពេល ៥៥ ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីដំណើរការអស់រយៈពេលជិត ៥ ឆ្នាំ ក្រោយពេលដែលរោងចក្រអាចបំពេញតម្រូវការប្រេងសម្រាប់ប្រទេសប្រហែលពី ៣៥% ទៅ ៤០%។
ក្រៅពីនាំចូល វៀតណាមក៏អាចមានសមត្ថភាពនាំចេញប្រេងផងដែរ ដោយនៅក្នុងខែកក្កដា កន្លងទៅនេះ វៀតណាម បាននាំចេញប្រមាណជា ១២ម៉ឺនតោន ដែលមានតម្លៃ ៩០ លានដុល្លារ កើនឡើង ជាង ៨០% ប៉ុន្តែបើគិតក្នុងរយៈពេលប្រាំពីរខែចុងក្រោយនេះ វៀតណាមបាននាំចេញប្រេងចំនួនជាង ១លាន២សែនតោន ដែលមានតម្លៃសរុប ជាង១ ពាន់លានដុល្លារ៕