(ជប៉ុន)៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បាននិយាយថា ជើងហោះហើរជាង៨០០ជើង ត្រូវបានលុបចោល និងលំនៅឋានរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះនេះ បោះពួយយឺតៗចូលដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យក្រុមអាជ្ញាធរចេញការព្រមានពីទឹកជំនន់និងបំណាក់ដី ។
ដោយរំកិលខ្លួនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុងឡាន (Lan) បានបោកបក់ដល់ដីគោក នៅភាគខាងត្បូងខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីភាគនីរតី ទីក្រុងតូក្យូ ។
ព្យុះទីហ្វុង ដែលបានកើតមានបន្ទាប់ពីព្យុះទីហ្វុងខានុន (Khanun ) អំឡុងរដូវឈប់សម្រាកអូប៊ុន( Obon) របស់ជប៉ុន បានវាយប្រហារពាសពេញភាគកណ្ដាលនិងខាងលិចរបស់លប្រទេសជប៉ុន ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏មានឥទ្ធិពល ។
សារព័ត៌មាន NHK បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់លំនៅឋានជាង២១.០០០ ខ្នង នៅភាគកណ្ដាលខេត្ត មី អិ (Mie) និងផ្ទះសម្បែងរាប់ពាន់ខ្នងផ្សេងទៀត នៅជិតខេត្តនេះ រួមទាំងខេត្តអូសាកា(Osaka) ផងដែរ។
ដោយរំពឹងទុកពីកម្រិតដ៏គ្រោះថ្នាក់នៃកម្លាំងខ្យល់ និងភ្លៀងធ្លាក់ មុនមួយថ្ងៃ ក្រុមប្រតិបត្តិកររថភ្លើងល្បឿនលឿន ក៏គ្រោងផ្អាកសេវាកម្មផងដែរនៅតំបន់ដែលរងផលប៉ះពាល់មួយនេះ ។ ប្រតិបត្តិករហាងលក់ទំនិញសេវាទាន់ចិត្ត 7-Eleven បានបិទសាខាងហាងជាង១០០ កន្លែង៕