Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន និងអាស៊ាន កំពុងស្វែងរកកិច្ចសម្រួលពាណិជ្ជ តាមរយៈការងាកទៅប្រើប្រាស់មធ្យោបាយឌីជីថល

Media LNN | Aug 21, 2023
ជប៉ុន និងអាស៊ាន កំពុងស្វែងរកកិច្ចសម្រួលពាណិជ្ជ តាមរយៈការងាកទៅប្រើប្រាស់មធ្យោបាយឌីជីថល
Clinic narith

ប្រទេសជប៉ុននឹងធ្វើការជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីលើកកម្ពស់ដំណើរការឌីជីថល នៃការនាំចូល និងការនាំចេញទំនិញរវាងគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែប្រសើរឡើង។

ក្រុមដៃគូពាណិជ្ជកម្មទាំងនេះនឹងព្រមព្រៀងគ្នាស្ដីពីផែនទីបង្ហាញផ្លូវតាមឌីជីថល ដែលជាផ្នែកមួយនៃផែនការសកម្មភាពនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ច ជប៉ុន-អាស៊ាន ដែលនឹងរៀបចំធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅចុងខែនេះ។

ផែនទីបង្ហាញផ្លូវនេះ នឹងដាក់បញ្ចូលគោលដៅមួយចំនួន សម្រាប់ទំហំពាណិជ្ជកម្មដែលត្រូវដោះដូរតាមប្រព័ន្ធឌីជីថល ព្រមទាំងគោលដៅនៃការប្រើប្រព័ន្ធឌីជីថល នៅក្នុងនីតិវិធីពន្ធគយនៅតាមប្រទេសនីមួយៗផងដែរ។

បើយោងតាមទិន្នន័យរបស់អាស៊ានបានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានបានកើនឡើង១៧% គឺឡើងដល់ជាង ២៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ប៉ុន្តែភាគច្រើននៃចំនួននេះនៅតែបន្តធ្វើតាមរយៈឯកសារលើក្រដាស និងបណ្ដាញអ៊ីមែលនៅឡើយ។

ប្រតិបត្តិការនាំចូល និងនាំចេញនីមួយៗអាចពាក់ព័ន្ធនឹងឯកសារជាច្រើន រួមទាំងវិញ្ញាបនបត្រនៃប្រភពដើមទំនិញ និងព័ត៌មានការទូទាត់ផងដែរ ហើយមានទម្រង់ខុសគ្នាៗរវាងក្រុមហ៊ុននីមួយៗ ដែលបង្កការរំខានដល់ដំណើរការពាណិជ្ជកម្ម។

ការកើនឡើងនៃចំនួនសេវាកម្មក្នុងវិស័យឯកជនបានជួយសម្រួលពាណិជ្ជកម្មជាមួយទម្រង់ឌីជីថល និងការគ្រប់គ្រងទិន្នន័យកណ្តាល។ ដូច្នេះ ផែនទីបង្ហាញផ្លូវនេះ នឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងទិន្នន័យរវាងក្រុមហ៊ុន ដែលផ្តល់សេវាកម្មបែបនេះនៅប្រទេសជប៉ុន និងអាស៊ាន ហើយចំពោះប្រទេសណា ដែលមិនមានក្រុមហ៊ុនបែបនេះ ភាគីជប៉ុនអាចផ្ដល់ការគាំទ្រដល់ពួកគេបាន៕