(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៣៩.៥ លានដុល្លារ ជូនដល់ជាង ១ ៦៤៨ ក្រុមហ៊ុន/អាជីវកម្ម ដែលគ្មានលទ្ធភាពដាក់ទ្រព្យបញ្ចាំ ដើម្បីទទួលបាននូវកម្ចី សម្រាប់ស្តារ និងពង្រីកអាជីវកម្មក្នុង និងក្រោយដំណាក់កាលរីករាលដាលជំងឺកូវីដ១៩។
តាមព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥទានរបស់សាជីវកម្មធានាឥណទានកម្ពុជាបង្ហាញថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអាជីវកម្ម សរុបចំនួន ក្រុមហ៊ុន ១ ៦៤៨ ទទួលបានការធានាឥណទានពីសារជីវកម្មធានាឥណទានកម្ពុជា ដែលស្មើនឹងទឹកប្រាក់ធានាសរុបចំនួនជិត ១៣៩.៥លានដុល្លារ ក្នុងនោះប្រភេទអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម មានចំនួន ១ ៥១០ ក្រុមហ៊ុន និងអាជីវកម្មខ្នាតធំចំនួន ១៣៨ ក្រុមហ៊ុន។
ទន្ទឹមនេះ ក្នុងចំណោម ក្រុមហ៊ុនអាជីវកម្មទាំងអស់ មានក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រីចំនួន ៦៤០ ក្រុមហ៊ុន និងក្រុមហ៊ុនប្រភេទកម្ចីមានទ្រព្យធានា ៦៧៧ ក្រុមហ៊ុន។
សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាស្ថាប័នធានាឥណទានដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅខែសីហា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងវាយលុកយ៉ាងខ្លាំងលើកម្ពុជា ក្រោមការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យដំណើរការគម្រោងធានាឥណទានឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការស្តារ និងការធានានិរន្តភាពរបស់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក៕