Alynana Media Cambodia
Icon Collap
clinic narit

ចិនប្រកាសកាត់បន្ថយការប្រាក់កម្ចី ក្រោយរស់ត្រាំត្រែងក្នុងវិបត្តិធំៗទាំងនេះអស់ជាយូរ

Media LNN | Aug 21, 2023
ចិនប្រកាសកាត់បន្ថយការប្រាក់កម្ចី ក្រោយរស់ត្រាំត្រែងក្នុងវិបត្តិធំៗទាំងនេះអស់ជាយូរ
Clinic narith

ធនាគារប្រជាជនចិន ប្រកាសកាត់បន្ថយអត្រាការប្រាក់កម្ចីពីចំនួន ៣.៥៥% មកសល់ត្រឹម ៣.៤៥% ដើម្បីទប់ទល់ជាមួយនឹងបញ្ហា ព្រមទាំងជម្រុញកំណើនការប្រើប្រាស់នៅលើទីផ្សារ ជួយឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times។

ប្រភពដដែលបានឱ្យដឹងថា​ អ្នកបង្កើតគោលនយោបាយនៅទីក្រុងប៉េកាំងបានតស៊ូដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ដែលទើបតែធូរស្បើយ រួមទាំងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការនាំចេញចុះខ្សោយ កំណើនភាពអត់ការងារធ្វើរបស់យុវវ័យ និងបរិត្តផរណាតម្លៃ (ថ្លៃទំនិញធ្លាក់ចុះ) នៅពេលដែលទំនុកចិត្តរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។​

ជាធម្មតាវិស័យអចលនទ្រព្យគឺជាកត្តាជម្រុញសកម្មភាពច្រើនជាងមួយភាគបួននៃសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូល ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយវិស័យដ៏ធំមួយនេះត្រូវរស់ត្រាំត្រែងនៅក្នុងវិបត្តិសាច់ប្រាក់។ សូម្បីតែក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២នៅចិនក៏ជំពាក់បំណុលគេច្រើនតាំងពីឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏ដាក់ពាក្យស្នើសុំការពារពីការក្ស័យធនជាមួយនឹងបំណុលជាង ៣០០ពាន់លាន$នៅតុលាការអាមេរិកតែម្ដង។
គួរជម្រាបផងដែរថា ធនាគារប្រជាជនចិនចាត់វិធានការធ្លាក់អត្រាការប្រាក់កម្ចីលើកនេះក្នុងគោលបំណងបង្កើនការផ្ដល់ប្រាក់កម្ចីដល់ក្រុមហ៊ុនពាណិជ្ជកម្ម ដើម្បីជម្រុញការប្រើប្រាស់ និងជម្រុញកំណើនសេដ្ឋកិច្ចរបស់ចិនឡើងវិញ៕