(ម៉ាំបៃ)៖ ឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតក្នុងពិភពលោកកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀតលើការនាំចេញអង្ករ ខណៈប្រទេសនេះកំពុងជួបបញ្ហាកំណើនតម្លៃស្បៀង ដែលទំនងជានឹងរឹតបន្តឹងការផ្គត់ផ្គង់ពិភពលោកបន្ថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះថា រដ្ឋាភិបាលឥណ្ឌាកំពុងពិចារណាដកហូតពន្ធលើការនាំចេញអង្ករស្ងោ (parboiled rice)។ ដោយស្នើសុំមិនបញ្ចេញអត្តសញ្ញាណព្រោះជាព័ត៌មានសម្ងាត់ ប្រភពដដែលបានឱ្យដឹងថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ហើយក៏មិនមានការពិភាក្សាច្បាស់លាស់ណាមួយនឹងនាំទៅដល់ការដកហូតពន្ធនោះដែរ។
រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់ប្រទេសឥណ្ឌាបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា បច្ចុប្បន្ននេះមិនមានផែនការដកហូតពន្ធគយទេ។
តម្លៃអង្ករនៅអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៥ឆ្នាំក្នុងខែនេះ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះបានប្រកាសហាមឃាត់នាំចេញអង្ករប្រភេទមួយចំនួន និងដោយសារក្តីបារម្ភជុំវិញចក្ខុវិស័យសម្រាប់ផលិតកម្មអង្កររបស់ប្រទេសថៃ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យតម្លៃអាហារក្នុងស្រុកធ្លាក់ចុះមុនពេលមានការបោះឆ្នោតនៅដើមឆ្នាំក្រោយ ដោយថ្មីៗនេះលោកបានកំណត់គោលដៅលើការឡើងថ្លៃខ្ទឹមបារាំង។
លោក Sanjeev Chopra រដ្ឋមន្ត្រីក្រសួងស្បៀងរបស់ប្រទេសឥណ្ឌាបាននិយាយនៅក្នុងទីក្រុងញូវដែលីថា ពេលនេះមិនមានសំណើដាក់កម្រិតលើការនាំចេញអង្ករស្ងោនោះទេ។ លោកបានបន្ថែមថា ហើយមិនមានគម្រោងនាំចូលស្រូវសាលីពីរុស្ស៊ីតាមរយៈកិច្ចព្រមព្រៀងការទូតនោះដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា ឥណ្ឌាកំពុងពិនិត្យមើលលទ្ធភាពនាំចូលស្រូវសាលីពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕