Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមរៀបចំយុទ្ធសាស្រ្តនាំចេញអង្ករ តែតម្លៃអង្កររំពឹងថា មិនឡើងថ្លៃលើសពី ១០០០ ដុល្លារឡើយនៅក្នុងមួយតោន

Media LNN | Aug 24, 2023
វៀតណាមរៀបចំយុទ្ធសាស្រ្តនាំចេញអង្ករ តែតម្លៃអង្កររំពឹងថា មិនឡើងថ្លៃលើសពី ១០០០ ដុល្លារឡើយនៅក្នុងមួយតោន
Clinic narith

ស្ថាប័នជំនាញវៀតណាមកំពុងតែរៀបចំគោលនយោបាយនិងយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីធានាស្ថិរភាពទីផ្សារអង្ករស្របពេលដែលមានការព្យាករណ៍ថា តម្លៃអង្ករសរនៅលើពិភព លោក នឹងមិនមានតម្លៃលើសពី ១០០០ ដុល្លារឡើយនៅក្នុងមួយតោន ។ អ្នកជំនាញវៀតណាម ទទួលស្គាល់នូវបញ្ហារំជើបរំជូលទីផ្សារអង្ករ ប៉ុន្តែនៅតែបង្ហាញទស្សនៈសុទិដ្ឋិនិយម ចំពោះស្ថិរភាពទីផ្សារ ។

ប្រព័ន្ធឃោសនារដ្ឋរបស់វៀតណាម បានរាយការណ៍ថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសនឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តកម្មវិធីជំរុញពាណិជ្ជកម្មទាំងទម្រង់ប្រពៃណី និងតាមប្រព័ន្ធអនឡាញ ស្របតាមស្ថានភាពថ្មី ដើម្បីបង្កើនតម្លៃផលិតផលអង្កររបស់វៀតណាម។

លោក ត្រាន់ កុកទាន់ (Trần Quốc Toản)អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងនេះបានអះអាងថា ក្រសួងកំពុងបង្កើតយុទ្ធសាស្ត្ររយៈពេលវែងលើការនាំចេញអង្ករ និងស្ថិរភាពទីផ្សារ បន្ទាប់ពីមានការហាមឃាត់លើការនាំចេញអង្ករពីប្រទេសមួយចំនួន ។

លោក បាននិយាយថា ការហាមឃាត់ការនាំចេញដោយឥណ្ឌា អារ៉ាប់រួម និងរុស្ស៊ី ក៏ដូចជាផលប៉ះពាល់អវិជ្ជមាននៃ បាតុភូតអែលនីណូ និងការដកខ្លួនរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់អង្ករពិភពលោក ដូច្នេះសភាពការណ៍នេះកំពុងបង្កើនការព្រួយបារម្ភអំពីសន្តិសុខស្បៀងពិភពលោក ក៏ដូចជាប៉ះពាល់ដល់ការនាំចេញអង្ករ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ដោយសារស្ថានភាពអតិផរណាមិនមានភាពប្រសើរឡើង។

ទិន្នន័យរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអះអាងថា មកទល់នឹងពេលនេះ វៀតណាមបាននិងកំពុងបង្កបង្កើនផលស្រូវលើផ្ទៃដីចំនួនជាង ៧ លានហិកតា ជាមួយនឹងទិន្នផលប៉ាន់ស្មានសរុបប្រមាណជាង ៤៣ លានតោន ពោលគឺខ្ពស់ជាងឆ្នាំមុនចំនួន ៤៥២ ០០០ តោនដូចនេះ វៀតណាមអាចនាំចេញបានជាង ៧ ,៥ លានតោនហើយនៅក្នុងរយៈពេលប្រាំពីរខែដំបូងខ្លួនបាននាំចេញប្រមាណជាជិត៥លានតោនហើយ ។

នៅពេលនេះស្ថាប័នពាក់ព័ន្ធរបស់វៀតណាម កំពុងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីតាមដានស្ថានភាពទីផ្សារ និងដោះស្រាយការលំបាកក៏ដូចជា លុបបំបាត់ឧបសគ្គ និងសម្រួលដល់សកម្មភាពនាំចេញអង្ករចាប់ពីពេលនេះរហូតដល់ទីបញ្ចប់។

ដោយសារតែបញ្ហាមួយចំនួនដែលបានរៀបរាប់ខាងលើ តម្លៃអង្ករពិតជានឹងកើនឡើង ប៉ុន្តែ អ្នកជំនាញការវៀតណាមបានទស្សទាយថា តម្លៃអង្ករសរនឹងមិនអាចឡើងលើសពី ១០០០ ដុល្លារនៅក្នុងមួយតោនឡើយ ។

មកដល់ពេលនេះតម្លៃអង្កបាក់ ឫ អង្ករបីកំណាត់របស់វៀតណាម បានហក់ឡើងប្រមាណជា ២៥ ដុល្លារនៅក្នុងមួយតោន ។

លោក ដូ ហា ណាម (Do Ha Nam) អនុប្រធានសមាគមស្បៀងអាហារវៀតណាមបាននិយាយថា តម្លៃនាំចេញបានកើនឡើងដល់ ៧០០ ដុល្លារក្នុងមួយតោននៅថ្ងៃទី ១០ ខែសីហា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០៨ ប៉ុន្តែនៅថ្ងៃទី ១៧ ខែសីហា បន្ទាប់ពីមានរបាយការណ៍ថាប្រទេសឥណ្ឌានឹងលុបចោលការហាមឃាត់ឆាប់ៗនេះ តម្លៃបានចាប់ផ្តើមធ្លាក់ចុះម្តងទៀត។

នៅប្រទេសវៀតណាម តម្លៃអង្ករលក់រាយបានកើនឡើងជិត ១ ដុល្លារ ក្នុងមួយគីឡូក្រាម៕