លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករកដ្ឋមន្រ្តី នៅក្នុងអាណត្តិថ្មីទី៧នេះ។ មុនកាន់មុខតំណែងនេះ លោក តាន់ ហ្សង់-ហ្រ្វង់ស័រ គឺជាអគ្គនាយកវិទ្យុបារាំងអន្តរជាតិ(RFI)ផ្នែគខេមរភាសា និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។
លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) កើតក្នុងឆ្នាំ១៩៦៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានឪពុកជាថៅកែម៉ាស៊ីនកិនស្រូវ និងម្ដាយជាស្ត្រីមេផ្ទះ។ លោក គឺជាសិស្សម្នាក់ដែលចូលរៀននៅសាលានៅអាយុជិត១៤ឆ្នាំ។ កុមារភាពរបស់លោក តាន់ ហ្សង់-ហ្រ្វង់ស័រ គឺក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបភាពវឹកវរ ហើយធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលធ្វើឲ្យរូបលោកមិនបានរៀនជាប់លាប់នោះទេ។
នៅឆ្នាំ១៩៧៥ គឺនៅពេលខ្មែរក្រហមកាន់កាប់អំណាច គ្រួសាររបស់លោកត្រូវជម្លៀសទៅរស់នៅខេត្តបាត់បង រហូតរបបខ្មែរក្រហមត្រូវបានដួលរលំនៅឆ្នាំ១៩៧៩។ ក្នុងរបបខ្មែរក្រហម លោកបានបាត់បង់ឪពុក និងបានឆ្លងកាត់ការលំបាកជាច្រើន។ ក្រោយរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ក្រុមគ្រួសារលោក មានជីដូន ម្តាយ និងបងប្អូន៤នាក់ បានភៀសខ្លួនទៅរស់នៅទឹកដីថៃ ហើយនៅចុងឆ្នាំ១៩៧៩ លោក និងក្រុមគ្រួសារក៏បានចេញទៅរស់នៅប្រទេសបារាំង។
នៅក្នុងប្រទេសបារាំង ក្នុងវ័យជិត១៤ឆ្នាំ ទើបលោកបានចូលរៀននៅសាលាបឋមសិក្សាជាមួយកុមារជនជាតិបារាំងដទៃទៀតដែលមានអាយុពី៨ទៅ៩ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងឆ្នាំ១៩៨៦ លោកបានប្រឡងជាប់បាក់ឌុបជាស្ថាពរ ដោយប្រើពេលតែ៧ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីចប់បាក់ឌុប លោកក៏បានសម្រេចចិត្តរៀនជំនាញវិទ្យាសាស្ត្រនយោបាយ ប៉ុន្តែ ដើម្បីបានចូលរៀននៅវិទ្យាស្ថាននយោបាយ (SciencesPo) លោកត្រូវរៀនត្រៀមមួយឆ្នាំសិន ទើបអាចប្រឡងចូលសាលានោះបាន។
ការងារដំបូងរបស់លោក តាន់ ហ្សង់-ហ្រ្វង់ស័រ គឺធ្វើអ្នកសារព័ត៌មាន ទាំងដែលរូបលោកមិនមានបំណងចង់ធ្វើនោះទេ ព្រោះលោកចង់ធ្វើជាមន្ត្រីក្របខណ្ឌរបស់រដ្ឋាភិបាលបារាំង។ នៅឆ្នាំ១៩៩២ លោក តាន់ ហ្សង់-ហ្រ្វង់ស័រ បានជាប់ការងារនៅវិទ្យុបារាំងអន្តរជាតិ(RFI) ហើយ៤ឆ្នាំបន្ទាប់ ពោល គឺនៅក្នុងឆ្នាំ១៩៩៦ លោកត្រូវបានគណៈគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ(RFI) បញ្ជូនមកប្រទេសកម្ពុជាឲ្យមកបង្រៀននៅវិទ្យាស្ថានCCI (Cambodia Communication Institute) ដែលមានទីតាំងនៅក្នុងក្រសួងព័ត៌មាន។
ដោយឡែក នៅឆ្នាំ២០០៤ លោកត្រូវបានតែងតាំងជានាយកការិយាល័យនិពន្ធជាភាសាខ្មែរ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ធ្វើការងារនៅវិទ្យុបារាំងរយៈពេលជាង ១០ឆ្នាំ។ នៅឆ្នាំ២០០៧ លោកត្រូវបានតែងតាំង ជានាយកកិច្ចការអាស៊ីប្រចាំនៅវិទ្យុបារាំងអន្តរជាតិ ដោយគ្រប់គ្រងការិយាល័យនិពន្ធ៤ភាសា មានភាសាខ្មែរ ចិន វៀតណាម និងឡាវ។ ក្នុងឆ្នាំ២០១០ លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងការផ្សាយជាភាសាបរទេសទាំងមូលរបស់វិទ្យុបារាំងអន្តរជាតិRFI មានទាំងអស់ជាង១០ភាសា។
លុះនៅឆ្នាំ២០១៣ វិទ្យុបារាំងអន្តរជាតិ ទទួលបានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាលកម្ពុជាឱ្យពង្រីកការផ្សាយជាខេមរភាសាពី១ម៉ោងទៅ១៣ម៉ោងតាមរលកអាកាស FM នៅកម្ពុជា។ ដូច្នេះហើយ វិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរសម្រេចបើកការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ។ គឺនៅពេលនោះហើយ លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) ត្រូវបានតែងតាំងជាអគ្គនាយកវិទ្យុបារាំងអន្តរជាតិ ហើយមកគ្រប់គ្រងការងារដោយផ្ទាល់នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងអំឡុងធ្វើជាអ្នកសារព័ត៌មាន លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) ធ្លាប់បានធ្វើសម្ភាសជាមួយអ្នកនយោបាយជាន់ខ្ពស់កម្ពុជាជាច្រើន ក្នុងនោះ ក៏មានដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាដើម។
ក្រៅពីជាអ្នកគ្រប់គ្រងការផ្សាយវិទ្យុបារាំងអន្តរជាតិជាខេមរភាសា លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) ក៏ជាអ្នកវិភាគភូមិសាស្ដ្រនយោបាយអន្តរជាតិដ៏ចំណានផងដែរ។ លោក តាន់ ហ្សង់-ហ្រ្វង់ស័រ (Jean-Francois Tain) បានសរសេរសៀវភៅសំខាន់ៗមួយចំនួនដូចជា ចម្បាំងត្រជាក់រវាងអាមេរិក និងចិន សៀវភៅ មហាយក្សចិន និងសៀវភៅ អាស៊ីប៉ាស៊ីហ្វិកជាដើម៕