(ភ្នំពេញ)៖ មិនបង្អង់យូរឡើយ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលថ្មី ត្រូវបានបង្កើតរួចរាល់ហើយនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរបស់កម្ពុជា ក៏បានដាក់ចេញនូវរបៀបវារៈការងាររបស់ខ្លួនជាបន្តបន្ទាប់ប្រកបដោយភាពស្វាហាប់ និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យ៤៥ឆ្នាំ ក៏បានដាក់ចេញការងារចុះជួបមហាជនភ្លាមៗផងដែរ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញចុះជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានថ្លែងសំណេះសំណាលជាងពីរម៉ោង៖
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាននាំយកនូវពាក្យពេចន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ជូនដល់កម្មករ កម្មការិនី ព្រមទាំងបានគូសរំលេចពីវីរភាព និងគុណបំណាច់របស់សម្តេចតេជោ ដែលខិតខំដឹកនាំឱ្យកម្ពុជាឆ្ពោះមកកាន់ដំណាក់កាលសុខសាន្ត និងរីកចម្រើន។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលកម្ពុជាមានថ្ងៃនេះ គឺបានពីការប្រឹងប្រែងជាបន្តបន្ទាប់តាំងពីជាង ៤០ឆ្នាំមុនមកម្ល៉េះ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្តេជ្ញាប្រឹងប្រែងរក្សាសមិទ្ធផលដែលអ្នកចាស់បន្សល់ទុក ហើយបន្តប្រឹងប្រែងបង្កើតសមិទ្ធផលថ្មីជាបន្តបន្ទាប់ទៀត។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកការជួបជាមួយបងប្អូនកម្មករ កម្មការិនីនៅតំបន់ព្រៃស្ពឺនាពេលនេះ គឺជានិស្ស័យ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការគោរពស្រឡាញ់របស់បងប្អូនកម្មករ កម្មការិនី គឺជាថាមពលសម្រាប់ការដឹកនាំរបស់ឯកឧត្តម បង្កើតនូវសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបជាមួយកម្មករ កម្មការិនីនាពេលនេះ ដើម្បីថ្លែងអំណរគុណ និងបញ្ជាក់ការប្តេជ្ញាចិត្តលើការដឹកនាំជាតិ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសជាតិមួយរឹងមាំ មានសាមគ្គីជាធ្លង់ ត្រូវថែទាំប្រជាពលរដ្ឋឱ្យរឹងមាំ ដោយបង្កើតការងារ បង្កើតអាជីពជូនប្រជាពលរដ្ឋ។ ការងារនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើជាង ៤០ឆ្នាំមកហើយ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស បង្កើតការងារ និងកសាងប្រទេស។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាគាំទ្ររបស់អ្នកបោះឆ្នោតលើបក្សប្រជាជនកម្ពុជា ជាង ៨២ភាគរយ ជាការបង្ហាញឱ្យឃើញនូវការគាំទ្ររបស់ប្រជាពលរដ្ឋលើគោលនយោបាយបក្សប្រជាជនកម្ពុជា។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់និយោជកទាំងអស់ ដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ហើយដាក់ការវិនិយោគនៅកម្ពុជា។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ភាពសុខដុមនៅតាមរោងចក្រ ត្រូវការធាតុ៣សំខាន់ រួមមានកម្មករ, និយោជិត និយោជក និងអាជ្ញាធរ ដែលដឹកនាំដោយរាជរដ្ឋាភិបាល។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្តីស្រឡាញ់របស់ប្រជាពលរដ្ឋទោះមានរាប់ពាន់ឆ្នាំ ក៏អត់បញ្ហា មិនដូចផឹកភេសជ្ជៈប៉ូវកម្លាំងនោះឡើយ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តឈរលើគោលដៅថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលចាស់ ដោយធានារក្សាឱ្យបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងឯកភាពទឹកដី។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា នៅមុនពេលបោះឆ្នោតបែបណា នៅក្រោយពេលបោះឆ្នោត គឺអនុវត្តន៍បែបនោះ មិនមានប្រែប្រួលនោះឡើយ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដឹកនាំប្រទេសមិនអាចចេះតែដាក់ ចេះតែធ្វើនោះទេ។ គោលនយោបាយនីមួយៗ ត្រូវការពេលវេលាអនុវត្តន៍ និងត្រូវការពេលសម្រាប់ទទួលផល។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយបក្សប្រជាជនកម្ពុជា មិនមែនធ្វើឡើងតាមការនឹកឃើញនោះទេ គឺមានការសិក្សាច្បាស់លាស់ពីអ្នកជំនាញ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយត្រូវមានលំនឹង តែផលសម្រាប់ប្រជាពលរដ្ឋត្រូវមានការប្រែប្រួល។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមគាំទ្ររាល់មតិរិះគន់ តែមិនគាំទ្រឡើយចំពោះមតិដែលធ្វើឡើងដើម្បីតែវាយប្រហារ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយរបស់បក្សប្រជាជនកម្ពុជា បន្តកំណត់អាទិភាពមនុស្ស ទឹក ផ្លូវ ភ្លើង តែបន្ថែមជាមួយបច្ចេកវិទ្យា ដើម្បីធ្វើទំនើបកម្មប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយល្អ គឺគោលនយោបាយផ្តល់ផលប្រយោជន៍ដល់ដៃរបស់ប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគិតពីប្រជាពលរដ្ឋតាំងពីពេលនៅក្នុងផ្ទៃពោះម្តាយ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងរំលឹកថា ពេលកូវីដ១៩រាតត្បាតនៅកម្ពុជា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ បានប្រើដៃម្ខាងការពារអាយុជីវិតពលរដ្ឋ និងដៃម្ខាងទៀតធានាការងារជូនប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់ឯកឧត្តមក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនេះ គឺបានមកពីការគាំទ្ររបស់ប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់ក្រុមប្រឆាំងថា ឯកឧត្តមគោរពការតវ៉ារបស់ពួកគេ តែក៏ត្រូវគោរពសំឡេងប្រជាពលរដ្ឋជាង ៦លាននាក់ ដែលបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណមេដឹកនាំប្រទេសជាមិត្តទាំងអស់ ដែលផ្ញើសារអបអរសាទរជូនឯកឧត្តមក្រោយក្លាយជានាយករដ្ឋមន្ត្រី។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សារអបអរសាទររបស់ប្រធានគណៈកម្មការអឺរ៉ុប គឺតំណាងឱ្យប្រទេសនៅអឺរ៉ុបទាំងមូល។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមគ្មានពេលឈ្លោះជាមួយក្រុមប្រឆាំងនោះឡើយ គឺមានតែពេលគិតគូរសុខទុក្ខប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តមនាពេលនេះ ស្មើនឹងទម្ងន់យន្តហោះធំៗចំនួន១០សង្កត់លើឯកឧត្តម។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមមិនជំទាស់នឹងក្រុមប្រឆាំងនៅអាមេរិក ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តមនោះទេ តែត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រឯកឧត្តមផង។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការរបស់ក្រុមប្រឆាំងនៅអាមេរិក ដែលទាមទារមិនឲ្យ UN ទទួលស្គាល់ឯកឧត្តម គឺជាផែនការបរាជ័យ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមមិនជំទាស់នឹងក្រុមប្រឆាំងនៅអាមេរិក ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តមនោះទេ តែត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រឯកឧត្តមផង។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលជួបប្រតិភូអាមេរិកកាលពីម្សិលមិញ ជាការបង្ហាញថា អាមេរិកទទួលស្គាល់រាជរដ្ឋាភិបាលនីតិកាលថ្មី។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសបង្កើតក្រុមព័ត៌មានពិសេស ដើម្បីស្រង់សារព័ត៌មាននានា និងក្រុមការងារពិសេសដោះស្រាយប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឱ្យការរើសមន្ត្រីកសិកម្មបម្រើការងារតាមមូលដ្ឋាន ត្រូវឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហើបថា ឯកឧត្តមបានជជែកជាមួយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ឱ្យបង្កើនអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ ហើយសរសេរសៀវភៅប្រវត្តិសាស្ត្រ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការងារបម្រើប្រជាពលរដ្ឋនឿយហត់ តែជារង្វាន់ធំណាស់សម្រាប់ឯកឧត្តម។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា មានអំណាចមិនប្រាកដថា មានឥទ្ធិពលនោះទេ។ ដូចជារបបខ្មែរក្រហម មានអំណាច តែគ្មានឥទ្ធិពលនោះទេ។ ឥទ្ធិពល គឺបានមកពីប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកបណ្តាំសម្តេចតេជោទូន្មានកាលនៅពីក្មេងថា កុំទុកខ្លួនជាកូននាយករដ្ឋមន្ត្រី គឺត្រូវទុកខ្លួនជាចៅរបស់កសិករ ហើយត្រូវនៅជាប់ជាមួយកសិករ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការទាំងឡាយមិនអាចជោគជ័យនោះឡើយ បើគ្មានយន្តការតាមដានទេនោះ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការរិះគន់ដើម្បីស្ថាបនា គឺឯកឧត្តមទទួលយក តែការវាយប្រហារបង្កើតរឿងឥតប្រយោជន៍ គឺឯកឧត្តមមិនឆ្លើយតបនោះទេ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យ «រើសដុំថ្មគប់ឆ្កែ» គឺជាពាក្យរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស មិនមែនជាពាក្យរបស់ឯកឧត្តមនោះទេ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមត្រូវផ្តោតអារម្មណ៍លើការដឹកនាំជាតិ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ នាំប្រយោជន៍ជូនប្រជាពលរដ្ឋ គឺគ្មានពេលឆ្លើយតបនឹងអ្នកវាយប្រហារឯកឧត្តមនោះឡើយ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនយល់គ្នា គោរពគ្នា មិនឈ្លោះគ្នានោះទេ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការយកបេះដូងប្រជាពលរដ្ឋមិនមែនស្ថិតលើការសម្តែង ការថ្លែងលើវេទិកានោះទេ គឺអាស្រ័យលើផលជាក់ស្តែង។ ដូច្នេះមន្ត្រីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ។
* ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖២០នាទី នាព្រឹកថ្ងៃដដែល៕