យោងតាមអគ្គនាយកដ្ឋានស្ថិតិវៀតណាម អតិផរណានៅខែសីហានេះ បានកើនឡើង ០,៣២ភាគរយបើធៀបនឹងខែមុន និងកើន ៤,០២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអតិផរណាស្នូល កើនដល់ ៤,៥៧ភាគរយ។
អគ្គនាយកដ្ឋានស្ថិតិរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម បានចេញផ្សាយរបាយការណ៍ស្ថានភាពសេដ្ឋកិច្ច-សង្គម នៅថ្ងៃទី២៩ ខែសីហា ដោយបង្ហាញថា រយៈពេល៨ខែឆ្នាំនេះ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) បានកើនឡើង ៣,១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈអតិផរណាស្នូលបានកើនដល់ ៤,៥៧ភាគរយ។
អតិផរណាស្នូល ជានិន្នាការវាស់វែងអតិផរណារយៈពេលវែង ហើយការផ្លាស់ប្តូរតម្លៃបណ្តោះអាសន្នគួរតែត្រូវបានដកចេញ។ វិធីមួយក្នុងការសម្រេចកិច្ចការនេះ គឺការមិនរាប់បញ្ចូលរបស់របរដែលជារឿយៗទទួលរងនូវតម្លៃប្រែប្រួល ដូចជាអាហារ និងថាមពលជាដើម។
បើតាមរបាយការណ៍ដដែល តម្លៃសាំង ប្រេង និងតម្លៃអង្ករក្នុងស្រុកបានកើនឡើងទៅតាមតម្លៃពិភពលោក ខណៈតម្លៃផ្ទះជួលកើនឡើងតាមតម្រូវការដែលជាហេតុផលចម្បងធ្វើឱ្យកម្រិត CPI នៅខែសីហាបានកើនឡើង ០,៨៨ភាគរយបើធៀបនឹងខែមុន។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំមុន កម្រិត CPIខែសីហានេះ បានកើនឡើង២,០២ភាគរយ និង២,៩៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកអតិផរណាស្នូលនៅខែសីហានេះបានកើនឡើង ០,៣២ភាគរយធៀបនឹងខែមុន និងកើនដល់ ៤,០២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនេះ ទំហំពាណិជ្ជកម្មសរុបនៅខែសីហា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦០,៩២ពាន់លានដុល្លារកើនឡើង ៦៧ភាគរយធៀបនឹងខែមុន និងធ្លាក់ចុះ ៧,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ រយៈពេល៨ខែឆ្នាំនេះ ការនាំចូល និងនាំចេញទំនិញសរុបត្រូវមានតម្លៃប្រមាណ ៤៣៥,២៣ពាន់លានដុល្លារ ធ្លាក់ចុះ១៣,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អាម៉េរិកបន្តជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាមជាមួយទំហំពាណិជ្ជកម្មសរុបប្រមាណ ៦២,៣ពាន់លានដុល្លារ ខណៈចិនគឺជាទីផ្សារនាំចូលដ៏ធំបំផុតរបស់វៀតណាមជាមួយទំហំពាណិជ្ជកម្មចំនួន ៦៨,១ពាន់លានដុល្លារ។
លើសពីនេះ ដើមទុនចុះបញ្ជីសរុបនៃវិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមគិតត្រឹមថ្ងៃទី២០ ខែសីហា សម្រេចបានជិត ១៨,១៥ពាន់លានដុល្លារកើនឡើង ៨,២ភាគរយ បើធៀបគ្រាដូចគ្នាឆ្នាំមុន។
ទាក់ទងនឹងការចុះបញ្ជីពាណិជ្ជកម្មនៅខែសីហា វៀតណាមមានសហគ្រាសទើបបង្កើតថ្មីជាង ១៤០០០សហគ្រាស កើនឡើង ២,៣ភាគរយធៀបនឹងខែមុន និង ១៧,៩ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ រយៈពេល ៨ខែ វៀតណាមមានសហគ្រាសចំនួន ១៤៩ ៤០០សហគ្រាសដែលបានចុះឈ្មោះបញ្ជីថ្មី និងបានវិលត្រឡប់មកដំណើរការវិញ ហើយសហគ្រាសចំនួន ១២៤ ៧០០សហគ្រាសបានដកខ្លួនចេញពីទីផ្សារ។
ក្រៅពីនេះ ចំនួនភ្ញៀវអន្តរជាតិទៅកាន់វៀតណាមរយៈពេល៨ខែឆ្នាំនេះ មានចំនួន៧,៨លាននាក់ កើនឡើងដល់ ៩៨ភាគរយនៃផែនការនៅឆ្នាំ២០២៣ កើនឡើង ៥,៤ដងបើធៀបគ្រាដូចគ្នាឆ្នាំមុន ប៉ុន្តែវាមានត្រឹមតែ៦៩,២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនការរាលដាលកូវីដ-១៩ ៕