(ភ្នំពេញ)៖ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលផលិតនៅកម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៧ ខែ នៃឆ្នាំ ២០២៣ សម្រេចបានក្នុងទឹកប្រាក់ជាង ៨០៨ លានដុល្លារ ថយចុះជាង ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមទិន្នន័យ GDCE ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញដែលមានលេខកូដ ៦៤ នៃតារាង (HS ២ ខ្ទង់) រួមមាន ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ក្នុងទឹកប្រាក់ជាង ៨០៨ លានដុល្លារ ថយចុះ ២២,៧ ភាគរយពីចំនួនជាង ១ ពាន់លានដុល្លារ។ ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦៤ គឺស្មើនឹង ៦ ភាគរយនៃទឹកប្រាក់នាំចេញទំនិញសរុបពីកម្ពុជាទៅទីផ្សារអន្តរជាតិរយៈពេល ៧ ខែឆ្នាំ ២០២៣ ដែលមានជាង ១៣,៥ ពាន់លានដុល្លារ។
GDCE បានឱ្យដឹងទៀតថា ចំពោះខែកក្កដា ឆ្នាំ ២០២៣ ការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់ជាង ១០៧ លានដុល្លារ ធ្លាក់ចុះ ៤៥,៧ ភាគរយពីចំនួនជិត ១៩៩ លានដុល្លារធៀបខែកក្កដា ឆ្នាំ ២០២២។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ថា ការធ្លាក់ចុះចំនួនប្រាក់បានពីការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលបានបង្ហាញចេញជាង ១ ឆ្នាំហើយដោយសារតែការបញ្ជាទិញពីទីផ្សារអន្តរជាតិធ្លាក់ចុះ ខណៈសមត្ថភាពចង្វាក់ផលិតកម្មនៅកម្ពុជារក្សានៅដដែល។
លោកបន្តថា សម្រាប់មូលហេតុការធ្លាក់ចុះ គឺបណ្តាលមកពីកត្តាធំៗមួយចំនួនដូចជា វិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ដែលជំរុញឱ្យប្រជាជននៅគ្រប់ប្រទេសកាត់បន្ថយការចំណាយ, ទំនិញដែលបានបញ្ជាទិញកាលពីឆ្នាំមុននៅសល់ក្នុងស្តុកច្រើន និងវិស័យទេសចរណ៍មិនទាន់មានដំណើរការល្អ ជាដើម។
លោកថ្លែងថា៖ «ការធ្លាក់ចុះទឹកប្រាក់នាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលគឺមិនទាក់ទងនឹងស្ថានការណ៍ក្នុងប្រទេសកម្ពុជាឡើយ(ការបោះឆ្នោតជាតិកាលពីខែកក្កដា) ប៉ុន្តែទាក់ទងទៅនឹងបញ្ហាខាងក្រៅ ១០០ ភាគរយ។ សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ច ពិភពលោកធ្លាក់ចុះ ហេតុនេះការចំណាយទៅលើផលិតផលទាំងអស់នេះក៏ត្រូវកាត់បន្ថយដែរ»។
បើតាមលោក ឃុនថៃ ផលិតផលស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែលផលិតនៅកម្ពុជាមានទីផ្សារធំនៅអាមេរិក សហភាពអឺរ៉ុប កាណាដា, អង់គ្លេស និងប្រទេសក្នុងតំបន់។ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម។
យល់ស្របនឹងការលើកឡើងខាងលើ លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ការធ្លាក់ចុះចំនួនប្រាក់បានពីការនាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែលគឺកត្តាទីផ្សារអន្តរជាតិដែលកើតមានវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ។ លោកបានបន្តថា ការនាំចេញនឹងមានសម្ទុះឡើងវិញលុះត្រាតែស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោកមានកំណើនរឹងមាំឡើងវិញ។
លោកអះអាងថា៖ «ទោះការនាំចេញក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ ធ្លាក់ចុះ ប៉ុន្តែសមត្ថភាពផលិតកម្មក្នុងវិស័យនេះនៅកម្ពុជាមិនធ្លាក់ចុះឡើយ។ បន្ថែមលើនេះ ខ្ញុំក៏ឃើញមានព័ត៌មានពីការចូលមកវិនិយោគលើរោងចក្រផលិតស្បែកជើងនៅកម្ពុជាកាន់តែច្រើនផងដែរនាពេលថ្មីៗនេះ»។
កាលពីថ្ងៃទី ២៥ ខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យគម្រោងវិនិយោគលើផលិតកម្មស្បែកជើងចំនួន ៣ ដែលមានទុនសរុបជាង ៣២ លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ ការនាំចេញទំនិញក្នុងជំពូក (HS ២ខ្ទង់) លេខកូដ ៦៤ មានទឹកប្រាក់សរុបជាង ១,៧ ពាន់លានដុល្លារកើនឡើង ២៤,៨ ភាគរយបើធៀបទៅឆ្នាំ ២០២១ ដែលមានជិត ១,៣៤ លានដុល្លារ។ ទឹកប្រាក់នាំចេញខាងលើ គឺស្មើនឹងប្រមាណ ៧,៧ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២២ ដែលមានជាង ២២,៥ ពាន់លានដុល្លារ៕