Alynana Media Cambodia
Icon Collap
clinic narit

ធ្លាយបំពង់ឧស្ម័នអាល់ម៉ូញ៉ាក់ ក្នុងរោងចក្រផលិតទឹកកក នៅខណ្ឌឫស្សីកែវ រងរបួស ២៣នាក់

Admin Alynana | Sep 02, 2023
ធ្លាយបំពង់ឧស្ម័នអាល់ម៉ូញ៉ាក់ ក្នុងរោងចក្រផលិតទឹកកក នៅខណ្ឌឫស្សីកែវ រងរបួស ២៣នាក់
Clinic narith

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានករណីធ្លាយបំពង់ឧស្ម័នអាល់ម៉ូញាក់ ក្នុងរោងចក្រផលិតទឹកកក យីហោ «លោកស្រី ឈាង មួ» ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈាង ប៉ោ អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងកើតហេតុ ចំនួន២៣នាក់ ស្រី១៧នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ។ ក្នុងនោះ មន្ទីរពេទ្យកាល់ម៉ែត ចំនួន៤នាក់ ស្រី៣នាក់ (ស្ថានភាពធ្ងន់) និងមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ចំនួន១៩នាក់ (ស្ថានភាពស្រាល)។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យបានជួយសង្គ្រោះ និងព្យាបាល។

សូមបញ្ជាក់ថា ក្រោយពីមន្ត្រីជំនាញបានធ្វើការពិនិត្យរួចរាល់មក អាជ្ញាធរពាក់ព័ន្ធ បានសម្រេចផ្អាកទីតាំងរោងចក្រផលិតទឹកកកដើម និងទឹកកកអនាម័យជាបណ្ដោះអាសន្ន ដើម្បីឱ្យម្ចាស់ទីតាំងរៀបចំហើយបានត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ៕