កំពត៖ មកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ព្រោះតែទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយបានកើនឡើង រហូតដល់កម្ពស់ជាង ១៤៩ម៉ែត្រ ទើបអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បន្តបើកបង្ហូរទឹកចេញ លើកទ្វារចំនួន៣ ដែលទ្វារនីមួយៗលើកក្នុងកម្រិត២ម៉ែត្រពីបាតទំនប់។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ បានបញ្ជាក់ថា មកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកនៅអាងទំនប់វារីអគ្គិសនីកំចាយបានកើនឡើងដល់កម្រិត១៤៩,០២ម៉ែត្រ ខណៈដែលការហូរចូលមានចំណុះ ៧៦៥,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះអ្នកបច្ចេកទេសបានបើកទ្វារទឹកចំនួន៣ក្នុងចំណោមទ្វារទាំង៥ ដោយទ្វារនីមួយៗលើកកម្ពស់២ម៉ែត្រពីបាតទំនប់។ ទឹកដែលហូរចេញមានចំណុះ ៨១៧,៨០ម៉ែត្រត្រីគុណក្នុង១វិនាទី។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូបានបើកបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយដោយលើកទ្វារទឹកចំនួន១ កម្ពស់២ម៉ែត្រពីបាតទំនប់ព្រោះតែទឹកក្នុងអាងកើនដល់កម្ពស់ ១៤៧,៩៥ម៉ែត្រ ខណៈដែលទឹកហូរចូលអាងទំនប់មានចំណុះ ៧៥៨,៣០ម៉ែត្រត្រីគុណក្នុង១វិនាទី៕