Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងធនធានទឹក ស្នើភាគីពាក់ព័ន្ធបង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក​ ដើម្បីកាត់បន្ថយជំនន់ និងគ្រោះរាំងស្ងួត

Admin Alynana | Sep 05, 2023
ក្រសួងធនធានទឹក ស្នើភាគីពាក់ព័ន្ធបង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក​ ដើម្បីកាត់បន្ថយជំនន់ និងគ្រោះរាំងស្ងួត
Clinic narith

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងក្រសួងធនធានទឹក បានស្នើដល់ភាគីពាក់ព័ន្ធ​គិតគូរឡើងវិញ ​អំពីលទ្ធភាពនៃការបង្កើនទុនវិនិយោគឱ្យបានច្រើនបំផុតសម្រាប់គម្រោងកសាងប្រព័ន្ធធារាសាស្ត្រឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកក្នុងគ្រប់តំបន់ប៉ូលសេដ្ឋកិច្ចទាំងអស់របស់ប្រទេសកម្ពុជា ឈានទៅកាត់បន្ថយឱ្យបានជាអតិបរមា ចំពោះហានិភ័យដែលអាចកើតឡើងដោយសារជំនន់ និងគ្រោះរាំងស្ងួត។

ការថ្លែងនេះរបស់លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្នុងជំនួបជាមួយក្រុម បេសកកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), IFA, និង GCF ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងកសាងប្រព័ន្ធធារាសាស្ត្រឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ CAISAR ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្រសួងធនធានទឹក បានឱ្យដឹងថាកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃ​គម្រោង CAISAR គឺផ្តោតជាពិសេស លើកិច្ចការបរិស្ថាន និងការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងជូនបងប្អូនប្រជាកសិករ អ្នកទទួលផល តាមនិយាមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្រ្តអូតាប៉ោងតាណៃ ក្នុងខេត្តពោធិ៍សាត់ ក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ក្នុងខេត្តកំពង់ឆ្នាំង និងនៅក្នុងតំបន់អនុគម្រោងប្រព័ន្ធធារាសាស្រ្តក្រាំងពន្លៃ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានសម្តែងនូវការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំនូវផែនការយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាបរិស្ថាននិងផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋបានសមស្របតាម​គោល​នយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ MEF ពីសំណាក់ AIIB។

ជាការឆ្លើយតបនឹងសំណើរបស់ភាគីកម្ពុជាខាងលើ, តំណាងធនាគារ AIIB, IFAD និង GCF នឹងធ្វើការពិភាក្សាគ្នាឡើងវិញ ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើនទុនវិនិយោគទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕