(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត បានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងការលើកកម្ពុជាឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការបើកភ្លើងខៀវដល់វិនិយោគិនបរទេស។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងវេទិកាធុរកិច្ចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ សប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍មកហើយ និងបានវិវត្តន៍ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបដែលមានអត្រាកំណើនសេដ្ឋកិច្ច ៧%»។
សម្តេចបានបន្តទៀតថា៖ «នៅក្រោមរដ្ឋាភិបាលថ្មី ២៥ឆ្នាំខាងមុខ គឺជាពេលវេលាដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិស្របតាមចក្ខុវិស័យសេដ្ឋកិច្ចជាតិដ៏ទូលំទូលាយមួយ ដើម្បីសម្រេចបាននូវឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០»។
ក្នុងនោះ សម្តេចបានបញ្ជាក់ថា ចក្ខុវិស័យនេះពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មូលធននិយម សេដ្ឋកិច្ចឌីជីថល និងការរួមបញ្ចូលនិរន្តរភាព ដោយសំដៅទៅលើ យុទ្ធសាស្ត្របញ្ចកោណ។
គួរជម្រាបផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំវ័យក្មេងបំផុតក្នុងតំបន់ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នាឱកាសនោះ សម្តេចក៏បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី ដូដូ រួមទាំងមេដឹកនាំឡាវ វៀតណាម និងម៉ាឡេស៊ីផងដែរ៕