ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តាំទៅមន្ត្រីទាំងអស់ថា កុំពើងទ្រូង កុំក្រអឺតក្រទម ហើយកុំភ្លេចថា ប្រាក់ខែរបស់មន្ត្រីទាំងអស់ គឺបានមកពីប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានស្នើឲ្យអង្គភាពទាំងអស់នៃក្រសួងមហាផ្ទៃបន្តយន្តការនានាក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃដូចខាងក្រោម៖
២/. បន្តទំនាក់ទំនងល្អ ដោយបរិយាប័ន្ន និងសក្តិសិទ្ធភាព ក្នុងការបម្រើការងារក្នុងនិងក្រៅអង្គភាពប្រកបដោយតម្លៃភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាពិសេសគឺអភិបាលកិច្ចល្អ ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវផែនការរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧នេះ។
៣/. សូមឲ្យឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធធនាគារ បន្តពង្រឹងក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន កុំពើងទ្រូង កុំក្រអឺតក្រទម និងជំរុញគ្រប់ការងារទាំងអស់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៤/. សូមថ្នាក់ដឹកនាំ ដែលជាថ្នាក់ដឹកនាំនៃអង្គភាពទាំងអស់នៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាសុំណូមពរដែលមានប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលបានផ្ញើដោយផ្ទាល់ឬបានខមិនលើបណ្តាញសង្គមអង្គភាពរបស់ខ្លួន។
កុំចាត់ទុកថារឿងតូចមិនចាត់ការ រឿងធំបានយើងចាត់ការ សូមកុំភ្លេចថាកន្ទុយបារីមួយតូចអាចដុតផ្ទះថ្មដ៏ស្កឹមស្កៃឲ្យរលាយបាន។ យ៉ាងដូច្នេះយើងជាសមត្ថកិច្ចត្រូវតែបន្តបំពេញបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ហើយបើយើងមិនអាចជួយគាត់ទេតើគាត់មានក្តីសង្ឃឹមឬពឹងទៅលើនរណា ដើម្បីជួយពួកគាត់បាន។ ហើយក៏សូមកុំភ្លេចថា យើងទាំអស់គ្នានៅទីនេះ គឺជាអ្នកបម្រើគាត់ (រាស្ត្រ) ពិសេស ប្រាក់ខែឬប្រាក់ចំណូលរបស់យើងគឺដោយសារបានពីពួកគាត់ តាមរយៈការប្រមូលពន្ធកម្រិតណាមួយនោះ។
៥/. បន្តពិនិត្យឡើងវិញនៃ តម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យទៅលើប្រទេសក្នុងតំបន់អាស៊ានរបស់យើងដូចជាភូមា វៀតណាម មានតម្លៃមួយទាប ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម ដែលមានតម្លៃលើសមធ្យមតិចតួច ប៉ុន្តែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធមេតាពិនិត្យពិចារណា ធ្វើម៉េចផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋកុំឲ្យការវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ លិខិតឆ្លងដែនមានការឡើងថ្លៃរហូត។
គួរជម្រាបថា ចាប់ពីតាំងពីចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី បានធ្វើការជួបប្រជុំជាបន្ដបន្ទាប់ ជាមួយថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពជំនាញតាំងពីថ្នាក់ជាតិ រហូតដល់ស្នងការនគរបាលរាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំកន្លងមកនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តែងតែបានគូសរំលេចអំពីផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពិសេសយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១៕