កញ្ញារចនា បានឱ្យដឹងថា កាលពីស្រូវឡើងថ្លៃ ប្រជាកសិករដល់រដូវប្រមូលផលបានលឿនចំពេលដែលប្រទេសវៀតណាមមិនទាន់បានប្រមូលផល ហើយវៀតណាមជាប់កុងត្រាជាមួយបរទេស ទើបឈ្មួញវៀតណាមចូលមកទិញស្រូវពីកម្ពុជា និងធ្វើឱ្យស្រូវរបស់កសិករយើងឡើងថ្លៃខ្ពស់ ។
កញ្ញាបន្តថា បច្ចុប្បន្នតម្លៃស្រូវធ្លាក់ថ្លៃមកវិញ ដោយសារតែប្រទេសវៀតណាមដែលធ្លាប់តែមកប្រមូលទិញស្រូវពីយើង ដល់រដូវប្រមូលផលដែរទើបធ្វើឱ្យតម្រូវការពីកម្ពុជាថយចុះ។ ហើយនៅលើទីផ្សារ តម្លៃស្រូវប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការ។
កញ្ញាបន្តទៀតថា តម្លៃស្រូវនៅកម្ពុជាបច្ចុប្បន្នស្ថិតក្នុងចន្លោះ ១.១០០រៀលទៅ១.២០០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃមួយខ្ពស់ជាងតម្លៃដែលកសិករធ្លាប់លក់បាននាឆ្នាំកន្លងមក។ ការលក់ស្រូវចេញក្នុងតម្លៃជាង ១.០០០រៀលក្នុងមួយគីឡូក្រាម នាពេលនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញដដែល បើទោះបីជាមិនចំណេញច្រើនដូចកាលពីប៉ុន្មានសប្ដាហ៍មុនក៏ដោយ។ កញ្ញាថា៖« តម្លៃស្រូវបច្ចុប្បន្ន មិនទាន់ដល់ពេលក្រសួងកសិកម្ម ចេញអន្តរាគមន៍នោះទេ ខណៈកសិករនៅតែលក់ចំណេញ មិនខាតនោះទេ» ។
ចំណែកលោកឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានលើកឡើងក្នុងសំណេរតាមបណ្ដាញសង្គមរបស់ខ្លួនថា មួយរយៈនេះ ថ្លៃស្រូវមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាឱកាសកើតចេញពីបម្រែបម្រួលនៃតម្រូវការនិងការផ្គត់ផ្គង់នៃទីផ្សារស្រូវអង្ករនៅក្នុងតំបន់។ តម្លៃនេះបានថយចុះបន្តិចមកវិញ ក្រោយប្រទេសដទៃចាប់ផ្តើមប្រមូលផលរបស់ខ្លួនដែរ តែនៅតែខ្ពស់ជាងរាល់ឆ្នាំ ហើយនៅតែផ្តល់ប្រាក់ចំណេញដល់កសិករដដែល ដរាបណាមិនធ្លាក់ក្រោម ១០០០រៀល/គីឡូ។
លោកបន្តថា កសិករគួរចាប់យកឱកាសនេះដោយការប្រុងប្រយត្ន័ ឱ្យទាន់ពេលវេលា និងមានភាពឆ្លាតវៃប្រមើលមើលពីសក្តានុពលនៃតម្រូវការទីផ្សារនាពេលអនាគតទុកជាមុនឱ្យហើយ តែក៏មិនគួរនាំគ្នាបង្កើនផលិតកម្មដោយមិនមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញ ធ្វើផែនការគិតទុកជាមុនសិន និងសង្កេតពីនិន្នាការប្រែប្រួលនៃទីផ្សារ រហូតធ្វើឱ្យការផ្គត់ផ្គង់ហក់ឡើងលើសពីតម្រូវការក្នុងទីផ្សារ និងប្រែក្លាយឱកាសទៅជាហានិភ័យ និងបញ្ហាប្រឈមវិញនោះដែរ ៕