កាលពីថ្មីៗកន្លងទៅនេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងដើម្បីសិក្សាបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី នៅកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រ លើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។
លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍ថា នេះជាគម្រោងថ្មីមួយរបស់ក្រសួងកិច្ចការនារី ហើយជាតម្រូវការចាំបាច់របស់សង្គម ខណៈបច្ចុប្បន្ន ស្ត្រីដែលជាម្ចាស់អាជីវកម្មកម្រិតតូច និងមីក្រូ មានចំនួន៦១ភាគរយ ដោយភាគច្រើនជាអ្នកលក់ដូរនៅតាមផ្សារ និងតាមផ្លូវផ្សេងៗ ដែលនេះជាចំណុចមួយ ដែលត្រូវការការគាំទ្រពីរាជរដ្ឋាភិបាល។ តាមគម្រោងមជ្ឈមណ្ឌលនេះ មានមុខងារ៤សំខាន់ដូចជា៖
១.ជួយស្ត្រីដែលមានបំណងចង់បង្កើតអាជីវកម្មដំបូង ឲ្យមានកន្លែងសម្រាប់ពួកគាត់បើកអាជីវកម្ម
២.អ្នកដែលរកស៊ីនៅតាមផ្លូវ ឬតាមផ្សារ មជ្ឈមណ្ឌលជួយបង្រៀនពួកគាត់ អំពីវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍគំនិតឆ្នៃប្រឌិត ដើម្បីឲ្យមានចំណូលច្រើនជាងមុន
៣.ជួយបង្កើនសេដ្ឋកិច្ចដល់ពួកគាត់
៤. ជាទីកន្លែងមួយ សម្រាប់ការតាំងពិព័រណ៌ផលិតផល ឬសេវាកម្ម សម្រាប់ស្ត្រី។
សូមបញ្ជាក់ថា គម្រោងនៃការបង្កើតមជ្ឈមណ្ឌលនេះ គ្រោងនឹងចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០២៤ខាងមុខ ហើយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី រំពឹងថា ក្រោយមជ្ឈមណ្ឌលនេះដំណើរការ នឹងមានស្ត្រីជាសហគ្រិន ចម្លោះពី១០០ទៅ២០០នាក់ ក្នុងរយៈពេល១ឆ្នាំៗ បានទទួលការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលនេះ។ ក្នុងជំនួបនេះដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីគុណតម្លៃ និងសមិទ្ធផលនានា ដែលបានសហការគ្នា ប្រមាណ១៦ឆ្នាំកន្លងមក ដែលអង្គការ JICA និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមធ្វើការងារ ពាក់ព័ន្ធនឹងបញ្ហាស្ត្រី៕