(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យម្ចាស់រោងម៉ាស៊ីនទាំងអស់ ដែលជាសមាជិក ជួយទិញស្រូវពីកសិករ ដើម្បីទប់ទល់នឹងតម្លៃដែលកំពុងធ្លាក់ចុះវិញ។ មូលហេតុដែលតម្លៃស្រូវដាំក្បាលចុះវិញ ដោយសារតែឈ្មួញនៃប្រទេសជិតខាង និងរោងម៉ាស៊ីនក្នុងស្រុកមួយចំនួនផ្អាកការបញ្ជាទិញ។
បើតាមសហព័ន្ធស្រូវអង្ករ មួយរយៈនេះ តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅកម្ពុជា បានកើនឡើងប្រមាណ៤០ភាគរយ ធៀបនឹងឆ្នាំ២០២២។ ឆ្នាំមុន ស្រូវអាចលក់បានត្រឹមតែ ៩០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះជាមធ្យមលក់បាន ១ ៣០០រៀល និង ១ ៥០០រៀល សម្រាប់ខេត្តជាប់ព្រំប្រទល់វៀតណាម។
មូលហេតុនាំឱ្យស្រូវឡើងថ្លៃ ដោយសារតែ ឥណ្ឌា មីយ៉ាន់ម៉ា និងបណ្ដាប្រទេសមួយចំនួនទៀត លើពិភពលោក បានផ្អាកការនាំចេញអង្ករសរបស់ខ្លួន ដោយបារម្ភថា ឥទ្ធិពលនៃបាតុភាពរាំងស្ងួត អ៊ែលនីញ៉ូ អាចប៉ះពាល់ដល់ផលិតកម្មស្រូវ និងសន្តិសុខស្បៀង។ ព័ត៌មាននេះ បានធ្វើឱ្យប្រទេសដែលពឹងផ្អែកលើការនាំចូលភ័យខ្លាច និងសម្រុកទិញស្រូវ អង្ករទាំងបង្ខំ បានធ្វើឱ្យតម្លៃស្រូវអង្ករនៅលើទីផ្សារ ជាពិសេសក្នុងតំបន់អាស៊ី កើនឡើងយ៉ាងគំហុក ពោលគឺពី ៥០០ដុល្លារ ទៅ៧០០ដុល្លារ ក្នុងមួយតោន។
ក្នុងបរិបទនេះ ក៏បានធ្វើឱ្យប្រទេសជិតខាងកម្ពុជា ដែលសុទ្ធសឹងជាអ្នកផលិតអង្ករធំៗ លើពិភពលោក នាំគ្នាសម្រុកទិញស្រូវពីកម្ពុជា។ ដោយគិតថាជាឱកាស សហព័ន្ធស្រូវអង្ករ និងស្ថាប័នពាក់ព័ន្ធ បានជំរុញឱ្យកសិករលក់ចេញស្រូវ ទៅកាន់ទៅប្រទាំងទាំងនោះ ដើម្បី បានប្រាក់ចំណេញខ្ពស់។ យ៉ាងណា កសិករសប្បាយចិត្តមិនបានប៉ុន្មានផង តម្លៃស្រូវ ក៏ស្រាប់តែចុះមកវិញ ស្របពេលតម្លៃទីផ្សារអង្ករអន្តរជាតិ ក៏បានវិលមករកភាពប្រក្រតីវិញ ដែរ។
បច្ចុប្បន្ន តម្លៃស្រូវសើម នៅវាលស្រែ បានធ្លាក់ចុះបន្តិចមកត្រឹម ១ ០៩០ ទៅ១ ២៥០ រៀល ក្នុងគីឡូក្រាម។ តាមរយៈតម្លៃនេះ កសិករនៅតែអាចទទួលបានប្រាក់ចំណេញក្នុងកម្រិតបង្គួរ។ ចំណែក តម្លៃទីផ្សារអង្ករអន្តរជាតិវិញ បានធ្លាក់មកត្រឹម ៥៨០ដុល្លារ ប៉ុណ្ណោះក្នុងមួយតោន។
ដោយព្រួយបារម្ភតម្លៃស្រូវធ្លាក់ចុះបន្តទៀត សហព័ន្ធស្រូវអង្ករកម្ពុជា បានខ្នះខ្នែងឱ្យរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិកជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ជាពិសេស រួមគ្នាកាត់ផ្ដាច់ការទម្លាក់តម្លៃរបស់ឈ្មួញ។ ជាមួយគ្នានេះ សហព័ន្ធ ក៏បានសុំការយោគយល់ ចំពោះស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវអង្ករ នៅពេលនេះផងដែរ។
មិនខុសពីសហព័ន្ធស្រូវអង្ករនោះទេ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បាននាំក្រុមការងារចុះអន្តរាគមន៍ដល់មូលដ្ឋាន ដើម្បីធ្វើយ៉ាង ណាកុំឱ្យស្រូវធ្លាក់ថ្លៃ ក្រោម ១ ១០០រៀល ក្នុងមួយគីឡូក្រាម។ ការចុះអន្តរាគមន៍នេះ ធ្វើ ឡើងបន្ទាប់ពីមានកសិករជ្រួលច្របល់ ដោយបាម្ភថា ស្រូវអាចធ្លាក់ថ្លៃ បន្តទៀត។
បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងរូបនេះ មូលហេតុដែលស្រូវធ្លាក់ថ្លៃវិញ ដោយ សារតែឈ្មួញវៀតណាម និងរោងម៉ាស៊ីមួយចំនួននៅកម្ពុជា ផ្អាកការបញ្ជាទិញ។
ចំពោះមុខ លោក វជិរា បានណែនាំកុំឱ្យកសិករសម្រុកច្រូតកាត់ព្រមគ្នា ខណៈតម្លៃ ត្រូវ បានកំណត់យ៉ាងជាក់លាក់ ដោយចាប់ពី១១០០រៀលក្នុងមួយគីឡូក្រាមឡើងទៅ ដើម្បី ទប់ស្កាត់ការបង្អាប់ ឬទម្លាក់តម្លៃពីឈ្មួញខិលខូច។ ជាមួយគ្នានេះ លោក បានស្នើឱ្យម្ចាស់ រោងម៉ាស៊ីនកិនស្រូវ ជួយប្រមូលទិញស្រូវពីកសិករទាំងអស់គ្នា ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃ ជាបន្តបន្ទាប់ទៀត។
លោក ប្រាប់ដូច្នេះថា៖ «នៅពេលធ្លាក់ថ្លៃ កសិករមិនសប្បាយចិត្តនោះទេ។ ដូច្នេះ ខ្ញុំនឹង តំណាងរាស្រ្តខេត្តបាត់ដំបង បានចុះទៅកាន់ទីតាំងដែលមានបញ្ហាប្រឈម ហើយណែនាំ ឱ្យគាត់កុំច្រូតកាត់ព្រមគ្នា ព្រោះវាអាចកកស្ទះ ដែលនាំឱ្យមានការធ្លាក់ថ្លៃ។ ក្នុងឱកាស នោះ ក៏អាចមានឈ្មួញខិលខូចទម្លាក់តម្លៃដែរ ដូច្នេះ ខ្ញុំបានកំណត់តម្លៃឱ្យកសិករ លក់ចាប់ពី ១ ១០០រៀល ក្នុងមួយគីឡូក្រាមឡើងទៅ។ ក្រៅពីនោះ យើងក៏បានជួបម្ចាស់ រោងម៉ាស៊ី ដើម្បីឱ្យគេជួយទិញផងដែរ»៕