(ហ្សាការតា)៖ មន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមនាំចូលសត្វគោរស់ឡើងវិញពីគ្រប់កសិដ្ឋាននាំចេញទាំងអស់បន្ទាប់ពីផ្អាកនាំចូលពីកសិដ្ឋានខ្លះកាលពីពីរខែមុនក្រោយពេលសត្វគោមួយចំនួនតូចរកឃើញថាមានជំងឺដុំពកលើស្បែក (LSD)។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ឥណ្ឌូណេស៊ីដែលជាអតិថិជនគោរស់ធំបំផុតរបស់អូស្ត្រាលី បានផ្អាកនាំចូលនៅចន្លោះខែកក្កដានិងសីហាពីកសិដ្ឋាននាំចេញគោចំនួន ៧ ក្នុងចំណោម ៦០ទីតាំង បន្ទាប់ពីគោមួយចំនួនក្នុងការនាំចេញដាច់ដោយឡែកបានធ្វើតេស្តវិជ្ជមានជំងឺ LSD ។
ឥណ្ឌូណេស៊ីបានឱ្យដឹងថា កសិដ្ឋាននាំចេញទាំងនោះមានច្រើនជាង ៧០ភាគរយនៃការនាំចូលរបស់ខ្លួន។
លោក Bambang ប្រធានទីភ្នាក់ងារចត្តាឡីស័កកសិកម្មនៃក្រសួងកសិកម្មឥណ្ឌូណេស៊ីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការនាំចូលបានបន្តឡើងវិញនៅថ្ងៃសុក្រ ប៉ុន្តែលោកបាននិយាយថា អូស្ត្រាលីត្រូវតែឆ្លើយតបទៅនឹងលក្ខខណ្ឌមួយចំនួនដូចជាការធានាសុខភាពបសុសត្វ និងការសម្លាប់មេរោគលើនាវាមុនពេលចេញដំណើរជាដើម។
ទិន្នន័យរបស់ឥណ្ឌូណេស៊ីបានបង្ហាញថា ឥណ្ឌូណេស៊ីបានទិញគោរស់ប្រហែល ៥៦ភាគរយនៃការនាំចេញសត្វគោរស់សរុបរបស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២១-២០២២ នៅក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៩០០លានដុល្លារអូស្ត្រាលី (៦០០លានដុល្លារ)។
ជំងឺ LSD ដែលបណ្តាលឱ្យមានពងបែក និងកាត់បន្ថយការផលិតទឹកដោះ គឺជាជំងឺឆ្លងខ្លាំងដែលប៉ះពាល់ដល់សត្វគោនិងក្របី ដែលត្រូវបានចម្លងដោយសត្វល្អិតខាំ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕