អគ្គស្នងការនគរបាលជាតិ បានសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឱ្យមកធ្វើជាមន្ដ្រីវិញ។
ក្នុងសេចក្តីសម្រេចអនុវត្តវិន័យលើមន្រ្តីនគរបាល របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ កញ្ញា បានសង្កត់ធ្ងន់ថា ការសម្រេចដកហូតមុខតំណែង លោក ហុង សារ៉ុម ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ការសម្រេចដកតំណែងរបស់លោក ហុង សារ៉ុម នាពេលនេះ ធ្វើឡើងក្រោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យលោក ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលការតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រមុខរដ្ឋាភិបាល ចេញបញ្ជាបែបនេះ ក្រោយពីទទួលបានព័ត៌មានថា បុគ្គលរូបនោះ ធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។
បើតាមការចុះផ្សាយព្រោងព្រាតនោះ លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ធ្លាប់មានប្រវត្តិពាក់ព័ន្ធករណីប្លន់ទូមាស នៅក្នុងស្រុកស្ទោង កាលពីឆ្នាំ២០១៥៕