យោងតាមទិន្នន័យបង្ហាញរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៨ខែ កញ្ញា ឆ្នាំ ២០២៣ បានឱ្យឃើញថា តម្លៃស្រូវសើមនៅលើទីផ្សារនៅពេលនេះមានតម្លៃចាប់ពី ១,០៥០ រៀលដល់ ១,២០០រៀលក្នុងមួយគីឡូ សម្រាប់ប្រភេទស្រូវ សែនក្រអូប និងតម្លៃស្រូបអូអឹម(OM) ១,០៥០រៀលដល់ ១,១៧០រៀលក្នុងមួយគីឡូ ចំពោះស្រូវប្រភេទអ៊ីអ៊ែ (IR) មានតម្លៃ ១,១៧០ រៀលក្នុងមួយគីឡូ និងសម្រាប់ប្រភេទស្រូវស្រងែ មានតម្លៃចាប់ពី ១,០៨០ រៀលដល់ ១,១២០ រៀលក្នុងមួយគីឡូក្រាម។
ជាមួយគ្នានេះដែរ បើតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងចំណោមប្រភេទស្រូវទាំង ៤ប្រភេទខាងលើ ស្រូវពូជសែនក្រអូប និងផ្ការំដួលគឺជាប្រភេទស្រូវដែលនឹងទទួលបានការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធក្នុងចំណោមពូជស្រូវដទៃផ្សេងទៀត។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យប្រជាកសិករនិងអ្នកទិញដែលជាម្ចាស់រោងម៉ាស៊ីនស្រូវត្រូវធ្វើការជាមួយគ្នានិងត្រូវជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធសែនក្រអូបនិងផ្ការំដួលនេះឱ្យបានច្រើន និងប្រមូលទិញមកវិញ តាមតម្លៃកិច្ចសន្យា។ ជាគោលបំណង គឺដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ៕