Alynana Media Cambodia
Icon Collap
clinic narit

គណៈកម្មការជាតិមួយនឹងត្រូវបង្កើតឡើង ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ ធានាប្រសិទ្ធភាព ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត

Admin Alynana | Sep 11, 2023
គណៈកម្មការជាតិមួយនឹងត្រូវបង្កើតឡើង ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ ធានាប្រសិទ្ធភាព ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត
Clinic narith

ភ្នំពេញ៖ គណៈកម្មការជាតិមួយនឹងត្រូវបង្កើតឡើង ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីអនុវត្តកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅធានាប្រសិទ្ធភាព។ នេះជាការបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន កាលពីចុងសប្ដាហ៍នេះ បានថ្លែងបាឋកថា ស្ដីពី អាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលដាក់ចេញដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាព រួមមាន ទី១)៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១។ ក្នុងនោះមុំទី១ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលពាក់ព័ន្ធជាមួយវិស័យអប់រំ ស្ដីពី "ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា" ផងដែរ។

​ឧបនាយករដ្ឋមន្ត្រី បានបន្តថា ​ទី២)៖ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨។ ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ ការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា សម្ដេចធិបតី បានកំណត់ អាទិភាពស្នូល ៤ចំណុច គឺ៖ អាទិភាពស្នូលទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, អាទិភាពស្នូលទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, អាទិភាពស្នូលទី៣៖ ការលើកកម្ពស់សុខភាពសិក្សា ដោយយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងអាទិភាពស្នូលទី៤៖ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

បន្ថែមពីលើអាទិភាពស្នូលទាំង ៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបន្ថែម ៤ ចំណុច ទៀតរួមមាន៖
ការអប់រំឌីជីថល, ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាពនៅគ្រឹះស្ថានឧត្ដមសិក្សា, ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្តទៀតថា កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន។ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំ ការបង្កើតឱ្យមានកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន ជាកត្តាចាំបាច់បំផុត ដែលអនុញ្ញាតជូនលោកគ្រូ អ្នកគ្រូ អាចបង្កើតគំនិតថ្មីៗពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស តាមរយៈការបង្ហាញពីលទ្ធផលតេស្តរបស់សិស្សជូនដល់សហគមន៍ បង្ហាញរបាយការណ៍របស់សាលារៀនជូនដល់សហគមន៍ ដើម្បីឱ្យមជ្ឈដ្ឋានជុំវិញយល់ដឹងសារៈសំខាន់នៃការសិក្សាពីព្រោះសហគមន៍ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់គុណវុឌ្ឍិផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ជាពិសេសការផ្លាស់ប្ដូរលើលទ្ធផលសិក្សារបស់សិស្ស និងបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលសិស្សានុសិស្សបន្ថែមទៀត៕