Alynana Media Cambodia
Icon Collap
clinic narit

តោះមកយល់ដឹងពីប្រភេទអចលនទ្រព្យដែលគួរវិនិយោគក្នុងខេត្តសៀមរាប

Media LNN | Sep 11, 2023
តោះមកយល់ដឹងពីប្រភេទអចលនទ្រព្យដែលគួរវិនិយោគក្នុងខេត្តសៀមរាប
Clinic narith

សៀមរាបគឺជាតំបន់ទេសចរដ៏ពេញនិយមទាំងភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្ត ជាពិសេសក្នុងឳកាសពិធីបុណ្យធំៗដែលមានដូចជា៖ ចូលឆ្នាំខ្មែរ ចូលឆ្នាំសាកល ចូលឆ្នាំចិន និងបុណ្យភ្ជុំបិណ្ឌជាដើម។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនៅសៀមរាបតែងតែត្រូវបានរៀចំកម្មវិធីអង្គរសង្រ្គាន្តដែលជាកម្មវិធីប្រពៃណីប្រចាំឆ្នាំធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តសៀមរាបនៅតែពឹងលើវិស័យទេសចរណ៍ ជាវិស័យស្នូល ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងផ្ដល់ប្រាក់ចំណូលខ្ពស់ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅទីនោះតាមរយៈភ្ញៀវទេសចរណ៍ទៅលេងកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ 

លោក អាន រដ្ឋា អនុប្រធានសមាគមន៍សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ប្រចាំខេត្តសៀមរាប បានប្រាប់’ Harbor Property ថា៖ សម្រាប់នៅក្នុងក្រុងសៀមរាប នៅតែមានចរន្តទិញលក់ឬជួលច្រើនជាងគេ​ មិនថាដីឡូតិ៍ ផ្ទះ វីឡា ពេលបច្ចុប្បន្ន។ ទាក់ទងនឹងផ្នែកទិញលក់ឬជួល លំនៅឋាន អគារការិយាល័យក៏មានជាហូរហែ ហើយផ្នែកសណ្ឋាគារផ្ទះសំណាក់ក៏មានការកើនបានមួយកម្រិត។ ដោយឡែកសម្រាប់ទីផ្សារដីឡូតិ៍មានការផុសផុលបន្តិច ដោយសារតែផ្លូវទៅតំបន់ពាក់ស្នែង មានការកសាងឡើងវិញ ដែលនាំឱ្យមានគម្រោងតូចធំ ជាការអភិវឌ្ឍលក់ដីឡូតិ៍នៅតំបន់នោះ ប៉ុន្តែរឿងតម្លៃដីគឺមិនទាន់មានការប្រែប្រួលនៅឡើយទេ។ ចំណែកឯដីចម្ការវិញក៏ឃើញថាបានចាប់ផ្តើមមានសកម្មភាពផងដែរដោយសារអ្នកវិនិយោគចិនបានចាប់ផ្តើមវិនិយោគទៅលើផ្នែកកសិកម្ម។

លោកបានបន្តទៀតថា៖ ការកើនឡើងនៃសកម្មភាពទិញលក់ជួលនៃអគារពាណិជ្ជកម្ម ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ការិយាល័យដោយសារអ្នកវិនិយោគបានសំលឹងឃើញនូវឳកាសដ៏ល្អ ដែលខេត្តសៀមរាបនឹងដើរតួនាទីយ៉ាងសំខាន់។ ក្នុងពេលឆាប់ៗខាងមុខនេះសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំសម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរ នោះគឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាដើម។ 

លោក អាន រដ្ឋា បានបន្តថា ជាចំនុចល្អសម្រាប់អ្នកវិនិយោគដែលសម្លឹងមើលលើការវិនិយោគជាផ្ទះសំណាក់ រីសត ដែលទាក់ទងនឹងវិស័យទេសចរណ៍ អ្នកវិនិយោគគួរតែសម្លឹងមើលទីតាំងដីក្នុងខេត្តសៀមរាប ព្រោះថាតំបន់ខ្លះនៅតែមានទីផ្សារ ហើយដីនៅតែមានតម្លៃមិនទាន់ខ្ពស់ ដែលមានតំបន់ខ្លះអាចឱ្យយើងទិញដីបានតម្លៃធូរ សម្រាប់ធ្វើអាជីវកម្មជារីសត ដែលវិនិយោគលើវិស័យទេសចរណ៍។ ដីក្នុងក្រុង តម្លៃ៣០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅជាប់ផ្លូវសំខាន់មានតម្លៃចន្លោះ ៨០០-១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកឯដីឡូតិ៍វិញ តម្លៃទៅតាមតំបន់ដែលមានតម្លៃចន្លោះចាប់ពី១រយដុល្លារជាងក្នុងមួយម៉ែត្រការ៉េ។ 

លោកបានបន្ថែមថា ខ្ញុំលើកទឹកចិត្តមកវិនិយោគលើវិស័យកសិកម្មដែលផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ទឹកដីនៃខេត្តសៀមរាបគឺសាកសមបំផុតសម្រាប់អ្នកវិនិយោគយោងទៅតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត យើងមានឱកាសចំណេញនិងជោគជ័យច្រើន។ សម្រាប់អ្នកវិនិយោគថ្មីថ្មោង គួរតែសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទអចលនទ្រព្យ ព្រោះថាអចលនទ្រព្យមានច្រើនប្រភេទ មានការទិញលក់ឬជួល មានការវិនិយោគ មានការអភិវឌ្ឍ អចលនទ្រព្យបែបកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម លំនៅឋាន ដីឡូតិ៍ជាដើម។ លើសពីនេះ ត្រូវសិក្សាពីផែនការខ្លួនឯងឱ្យបានច្បាស់ថាតើត្រូវធ្វើមួយណាឱ្យប្រាកដ ហើយសិក្សាពីអ្នកដ៏ទៃដែលគេធ្លាប់ជួបប្រទះកន្លងមក និងតាមដានគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងមានគម្រោងអភិវឌ្ឍន៍ដែលមានគម្រោងរីស៊ត និងដីឡូតិ៍ភ្ជាប់ជាមួយនឹងទេសចរណ៍នៅស្រុកបន្ទាយស្រី នៅខាងជួរភ្នំរមណីយដ្ឋានក្បាលស្ពាន និងភ្នំគូលែន តួយ៉ាងគម្រោងក្រវ៉ាន់សៀមរាបរ៉េស៊ីដេន ដែលមានដីទំហំដីជិត២០០ហិកតាស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី គឺមានការអភិវឌ្ឍន៍យ៉ាងសកម្ម។

សូមជម្រាបថា ខេត្តសៀមរាបបានក្លាយជាគោលដៅទី៣របស់កម្ពុជាក្នុងការសាងសង់ផ្លូវល្បឿនលឿន ខណៈ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនឹងបញ្ចប់ការសិក្សាក្នុងខែកញ្ញាខាងមុខនេះ និងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងបើកទទួលការចុះចតដែលនឹងត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។ គម្រោងធំៗទាំងពីរនេះ នឹងជួយជម្រុញកំណើនភ្ញៀវទេសចរណ៍ឱ្យមកលេងខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត វិស័យអចលនទ្រព្យនៅសៀមរាបអាចកើនឡើងបាន លុះត្រាណាតែវិស័យទេសចរណ៍អាចកើនឡើងសិនដែរ៕