Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​មានទឹក​ប្រាក់​ជិត $៣២ ​ពាន់​លាន​

Admin Alynana | Sep 11, 2023
ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​មានទឹក​ប្រាក់​ជិត $៣២ ​ពាន់​លាន​
Clinic narith

ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ដៃគូ​អន្តរជាតិ​ទាំងអស់​ក្នុង​រយៈ​ពេល ៨​ ខែ​ដើមឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជិត ៣២​ ពាន់​លាន​ដុ​​ល្លារ ធ្លាក់ចុះ​ជាង ១៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​គឺ​នៅ​រក្សាបាន​កំណើន​វិជ្ជមាន​។ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា របស់ GDCE ចេញផ្សាយ​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​សីហា ឆ្នាំ​ ២០២៣ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​ទាំងអស់​មានទឹក​ប្រាក់​ស​រុ​ប​ជិត ៣២​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ១៤,៥២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ជាង ៣៧​ ពាន់​លាន​ដុល្លារ​។

ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ១៥,៦៩ ពាន់​លាន​ដុល្លារ កើន ០,៣២ ​ភាគរយ ចំណែក​ការនាំ​ចូល​មាន​ជាង ១៦​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២៥,២​ ភាគរយ​។ ផ្អែក​តាម​ស្ថិតិ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុ​ជាមាន​ឱនភាព​ជិត ៥៨៨​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​រហូតដល់​ជាង ៦​ ពាន់​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែសីហា​ថា ស្ថានភាព​ការផ្លាស់ប្តូរ​ទំនិញ​ជា​អន្តរជាតិ​បានបង្ហាញ​សញ្ញា​អវិជ្ជមាន​បែបនេះ​ជាង ១​ ឆ្នាំ​មកហើយ ដោយសារ​កត្តា​រួមផ្សំ​ជាច្រើន ជា​​ពិសេស​វិបត្តិ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​ប្រទាញប្រទង់​គ្នា​នៃ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ​។​

​លោក​បន្តថា អ្វីដែល​គួរកត់សម្គាល់​នាពេលនេះ គឺ​សញ្ញា​វិជ្ជមាន​នៃ​ការនាំ​​ចេញ​របស់​កម្ពុជា​។ ទោះ​កំណើន​មាន​ទំហំ​តូច ប៉ុន្តែ​វា​បង្ហាញថា ទំនិញ​កម្ពុជា​គឺមាន​ការគាំទ្រ​កាន់តែច្រើន​។​

 

​លោក​ថ្លែងថា​៖«​ការធ្លាក់ចុះ​ទំហំ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ គឺ​កើត​មាននៅ​ស្ទើរ​គ្រប់​ប្រទេស​លើ​ពិភពលោក​។ អ្វីដែល​យើង​ត្រូវ​ចាប់អារម្មណ៍​ពេលនេះ គឺ​កំ​ណើ​ន​នៃ​ការនាំចេញ​កម្ពុជា ដែល​បាន​ដោយសារ​គុណភាព និង​ផលិតផល​កម្ពុ​ជាមាន​លក្ខណៈ​ចម្រុះ​ជាង​មុន និង​មានតម្លៃ​ប្រកួតប្រជែង​ផងដែរ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​បញ្ហា​សកល ប៉ុន្តែ​អ្វីដែល​លោក​ចាប់អារម្មណ៍ គឺ​កំណើន​ការនាំ​ចេញ​របស់​កម្ពុជា​ក្នុងដំណាក់កាល​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុងតែ​ជួប​វិបត្តិ​។ លោក​បន្តថា មូលហេតុ​ដែល​ជួយ​ឱ្យ​ការ​នាំចេញ​របស់​កម្ពុជា​កើនឡើង គឺ​ដោយ​សារ​គុណភាព​ទំនិញ​កម្ពុជា​ល្អ និង​មានតម្លៃ​សមត្ថភាព​ប្រកួតប្រជែង​។ លោក​បន្តថា កំណើន​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា គឺ​បាន​មួយចំណែក​ពី​ការនាំចេញ​ផលិត​ផល​កសិកម្ម ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​អះអាងថា​៖«​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ពិនិត្យ​លទ្ធភាព និង​ធ្វើ​ពិពិធ​កម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន​។ កសិផល កំពុង​ក្លាយជា​ចំណែក​សំខាន់​នៃ​ការនាំចេញ​របស់​កម្ពុជា បន្ថែម​ពី​ការនាំចេញ​ផលិត​ផល​វាយ​ន​ភណ្ឌ និង​គ្រឿង​បង្គុំ​អគ្គិសនី​​អេឡិចត្រូនិក នាពេល​កន្លងមក​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ចំនួន​សរុប​ជាង ៥២,៤​ ពាន់​លាន​ដុល្លារ កើនឡើង ៩,២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង ៤៨​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ជាង ២២,៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤ ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ​ជិត ៣០ ​ពាន់​លាន​ដុល្លារ កើនឡើង ៤,៣ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕