រូបិយប័ណ្ណក្នុងស្រុករបស់ជប៉ុនបានកើនឡើងធៀបនឹងប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសនេះបានលើកឡើងពីលទ្ធភាពនៃការបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។
នៅថ្ងៃទី១១ ខែកញ្ញា ប្រាក់យ៉េនបានកើនឡើងជិត០,៨ភាគរយធៀបនឹងដុល្លារអាម៉េរិក ដល់ ១៤៦,៦យ៉េនក្នុងមួយដុល្លារអាម៉េរិក។ ការឡើងថ្លៃមកវិញនៃប្រាក់យ៉េនដោយសារការអត្ថាធិប្បាយកាលពីចុងសប្តាហ៍មុនដោយលោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) ថាអាចបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ប្រសិនបើគោលដៅអតិផរណា ២ភាគរយជិតនឹងសម្រេចបាន។
អត្រាការប្រាក់អវិជ្ជមានគឺជាគោលនយោបាយរូបិយវត្ថុពិសេសដែលអនុវត្តដោយរដ្ឋាភិបាលនៅពេលដែលអត្រាការប្រាក់ធ្លាក់ចុះក្រោមសូន្យភាគរយ និងវិបត្តិសេដ្ឋកិច្ចកើតឡើង។ បច្ចុប្បន្ន អត្រាការដែលធនាគារកណ្តាលរបស់ជប៉ុនបានកំណត់ស្ថិតនៅអត្រា -០,១ភាគរយ។
នៅក្នុងបទសម្ភាសមួយនៅក្នុងកាសែតជប៉ុន Yomiuri លោក Kazuo Ueda បាននិយាយថា ចន្លោះពេលនេះដល់ចុងឆ្នាំ BOJ អាចមានទិន្នន័យគ្រប់គ្រាន់ដើម្បីវាយតម្លៃថាតើវានឹងបញ្ចប់អត្រាការប្រាក់អវិជ្ជមានឬអត់?
រយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រាក់យ៉េនបានស្ថិតនៅក្រោមសម្ពាធធៀបនឹងប្រាក់ដុល្លារអាម៉េរិក នៅពេលដែលគោលនយោបាយអត្រាការប្រាក់របស់អាម៉េរិក និងជប៉ុនមានភាពផ្ទុយគ្នា។ អាម៉េរិកបន្តដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ស្របពេលដែលជប៉ុននៅតែរក្សាអត្រាការប្រាក់អវិជ្ជមាន។ នេះបណ្តាលឱ្យវិនិយោគិនលក់ប្រាក់យ៉េនដើម្បីប្តូរទៅរូបិយប័ណ្ណផ្សេងទៀតដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។
លោក Takeshi Ishida អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណនៅធនាគារ Resona បាននិយាយថា៖ « គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ជប៉ុននឹងបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ លោក Ueda អាចនឹងចាប់ផ្តើមលើកទឹកចិត្តទីផ្សារឱ្យធ្វើតាមសេណារីយ៉ូនេះ»។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកនៅតែលើសពី៤ភាគរយ លោក Ishida ជឿជាក់ថានិន្នាការរបស់ប្រាក់យ៉េននឹងមានការលំបាកខ្លាំងណាស់ក្នុងការដើរបញ្ច្រាស់ដោយការរំពឹងទុកអំពីលទ្ធភាពនៃការផ្លាស់ប្តូរគោលនយោបាយ។
លើសពីនេះ ប្រាក់ដុល្លារអាម៉េរិកបានចាប់ផ្តើមកើនថ្លៃបន្តិចៗ ក្រោយបាត់បង់តម្លៃធៀបនឹងរូបិយប័ណ្ណផ្សេងទៀតក្នុងរយៈពេលយូរ។ កាលពីសប្តាហ៍មុន រូបិយប័ណ្ណនេះក៏បានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៣ខែបើធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់ផោន៕