អង្ករខ្មែរកាន់់តែមានទីផ្សារខណៈថ្មីៗនេះ ប្រទេសអូស្រ្តាលីបានបញ្ជាទិញអង្ករកម្ពុជាចំនួន ១០ទូកុងតឺន័រ ពីក្រុមហ៊ុន “អេមរុរ៉ាយស៍” ដែលជាក្រុមហ៊ុន ផលិត និងនាំចេញអង្ករសរីរាង្គច្រើនជាងគេរបស់កម្ពុជា ។
បើតាមការឱ្យដឹងរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា ក្នុងចំណោមការបញ្ជាទិញទាំង ១០ កុងតឺន័រនោះ មានអង្ករក្រអូប២កុងតឺន័រ ដែលទទួលបានការបញ្ជាទិញពីអ្នកទិញនៅប្រទេសអូស្រ្តាលី តាមរយៈដំណើរទស្សនកិច្ចស្តីពីកសិ-ចំណីអាហារកម្ពុជាដែលបានរៀបចំ និងគាំទ្រដោយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED កាលពីដើមខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ។
តាមរយៈដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យអេមរុរ៉ាយស៍ឈានឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពរបស់យើង ដែលវាមិនត្រឹមតែដើម្បីរួមចំណែកដល់ភាពរុងរឿង ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសការងារជូនប្រជាកសិករក្នុងប្រទេសកម្ពុជាជាច្រើនពាន់នាក់ និងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រព័ន្ធចំណីអាហារសកលលោកផងដែរ៕