ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ ២០២៣ បានកំណត់កាលបរិច្ឆេទយកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ មុនការប្រឡងចូលមកដល់ ក្រសួងអប់រំ បានផ្សព្វផ្សាយនូវរាល់បទបញ្ញត្តិ កម្រិតវិន័យ ក៏ដូចជាអ្វីដែលបេក្ខជនត្រូវធ្វើ និងមិនត្រូវធ្វើជាដាច់ខាតក្នុងមណ្ឌលប្រឡង។ កម្រិតវិន័យក្នុងការប្រឡង ធ្ងន់ធ្ងរបំផុត គឺឈានដល់ការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំក្នុងករណីសូកប៉ាន់។
ករណីសូកប៉ាន់វិញ ត្រូវបានក្រសួងអប់រំ ចាត់ទុកជាករណីធ្ងន់ធ្ងរបំផុតសម្រាប់ការប្រឡង។ ក្រសួងអប់រំ លើកឡើងថា បទសូកប៉ាន់ តាមមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ គឺផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ ឆ្នាំ ចំពោះបុគ្គលណា ដោយគ្មានសិទ្ធិដោយផ្ទាល់ ឬប្រយោល ប្រគល់អំណោយ ឬជំនូនធ្វើការសន្យាជាមួយ ឬផ្ដល់អត្ថប្រយោជន៍អ្វីមួយដល់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីឱ្យអ្នករាជការ ឬពលរដ្ឋនោះ។
ក្រសួងអប់រំ ក៏បានកំណត់ដែរថា ការយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ការឱ្យអ្នកដទៃមកប្រឡងជំនួស ការធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ការមិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង គឺបេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្ត និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ករណីចាំបាច់បេក្ខជននោះ នឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដោះស្រាយទៅតាមច្បាប់៕