ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានធ្វើការចុះកិច្ចព្រមព្រៀងលើឥណទានសម្បទាន សម្រាប់ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលតភ្ជាប់ពីព្រែកប្រា និងចាក់អង្រែក្រោម ជាផ្លូវការហើយ។ នេះបើយោងតាមសេចក្ដីស្ដីពីដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។
តាមបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ទៅកាន់ប្រទេសចិននេះ បានអញ្ជើញជាអធិបទីក្នុង ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការចំនួន ១៥ ឯណោះ ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាព នៃការកសាងសងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានខាងលើផងដែរ។
បើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពាននេះត្រូវបានសិក្សារួចរាល់ហើយ ដោយនឹងត្រូវសាងសង់ជាស្ពានថ្មថ្មី មានប្រវែង ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ ហើយគម្រោងស្ពានឆ្លងទន្លេបាសាក់នេះ គ្រោងនឹងចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។
ប៉ុន្ដែយ៉ាង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរើយកស្ពានបេឡេចាស់ (ស្ពានដែក) នៅឫស្សីកែវ មកដំឡើងដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នសិន មុននឹងស្ពានថ្មថ្មីនេះបើកការដ្ឋានសាងសង់នាពេលខាងមុខ៕