(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។
លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាសចំនួន១៨។ រោងចក្រ សហគ្រាសទាំង១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។
បើតាមលោកបណ្ឌិត ហេង សួរ ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះសំណាលនោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។
លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៣៣ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ៦ម៉ឺន ៨ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន៦៦ ផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណ ៥ម៉ឺន ៨ពាន់នាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លានដុល្លារក្នុងមួយឆ្នាំ។
បើតាមលោក ហេង សួរ បានឱ្យដឹងថា ខេត្តតាកែវ ឈរនៅលំដាប់ទី៤ ជាខេត្តមានការអភិវឌ្ឍន៍រោងចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មីហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់យកកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបជាជំនួបសាធារណៈលើកដំបូង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន៣លើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់, លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់ និងលើកទី៣ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់។
ក្នុងជំនួប៣លើកកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកំណើនការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាពចំនួន៦ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ។ ការងារទាំង៦នោះរួមមាន៖
១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យបានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើតយន្តការងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។
៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកម្មករ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។
៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាពបានចេញធ្វើការមុន ១៥នាទី។
៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍លើការងារអាទិភាពចំនួន៤ទៀតរួមមាន៖
១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។
២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។
៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧។
៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេសស្ត្រីមានផ្ទៃពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើកបើកមុនពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយពេលសម្រាលកូន។ ក្នុងមួយលើកបើកបាន ៨ម៉ឺនរៀល។
បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការឧបត្ថម្ភដាច់ដោយឡែកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលផងដែរ។
តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខ និងជីវភាពកម្មករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប៕