ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីជូនដំណឹងថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មដោយពុំមានការអនុញ្ញាតពី គ.ល.ក. និងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
គ.ល.ក. បានពិនិត្យឃើញថា នាពេលថ្មីៗនេះសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) បានផ្សព្វផ្សាយ និងផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែង ដែលផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបង្កឱ្យមានជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ សង្គម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានណែនាំឱ្យប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ និងគ្រប់មធ្យោបាយរហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានណែនាំឱ្យអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលពាក់ព័ន្ធ ផ្សេងទៀត ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផលិត ការផ្សព្វផ្សាយ ឬការចែកចាយវីដេអូនិង/ឬ មាតិកាកម្សាន្តដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមានថា រាល់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមផ្សព្វផ្សាយ ឬចែកចាយវីដេអូដែលមានខ្លឹមសារផ្សព្វផ្សាយអំពីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់រូបភាព ជាសកម្មភាពខុសច្បាប់។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្កត់ធ្ងន់ថា ក្នុងករណីដែលប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងបុគ្គលពាក់ព័ន្ធទាំងអស់មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕