(តាកែវ)៖ ថ្លែងក្នុងឱកាសចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគំនិតក្នុងការរៀបចំយុទ្ធសាស្រ្តថ្មី តាមរយៈការចងក្រងវិស័យឯកជន ជាពិសេសអ្នកនាំចេញអង្កររួមគ្នាក្នុងសំឡេងតែមួយ ដើម្បីជំរុញការនាំចេញអង្ករឱ្យបានច្រើន និងឈានទៅប្រកួតប្រជែងជាមួយប្រទេសជិតខាង។
សម្តេចធិបតី មានប្រសាសន៍ថា មុននឹងពង្រីកការនាំចេញឱ្យបានកាន់តែច្រើន ត្រូវពង្រឹងខ្លួនឯងឱ្យខ្លាំងមុនជាមុនសិន។ ដើម្បីអាចពង្រឹងខ្លួនឱ្យកាន់តែខ្លាំង វិស័យឯកជនទាំងអស់ត្រូវតែរួមគ្នា និងសហការឱ្យកាន់តែជិតស្និតជាមួយស្ថាប័នរដ្ឋ។
សម្តេចធិបតីបន្តថា នាពេលឆាប់ៗខាងមុននេះ សម្តេចនឹងប្រជុំជាមួយភាគីពាក់ ទាំងក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការរៀបចំនូវវិធីសាស្រ្ត ដើម្បីរួមគ្នាអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងសំឡេងតែមួយ មានយុទ្ធសាស្រ្ត និងមានផែនការសកម្មភាពតែមួយ ដើម្បីធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាជាថ្លុងមួយ ដើម្បីទទួលបានជោគជ័យ បើមិនដូច្នេះទេប្រកួតប្រជែងមិនឈ្នះគេនោះទេ។
ជាមួយគ្នានេះ សម្តេចអំពាវនាវឱ្យក្រុមហ៊ុនសហគ្រាសទាំងអស់ ដែលត្រូវនាំចេញត្រូវសហការគ្នា និងកុំប្រកួតប្រជែងគ្នានៅក្នុងស្រុក។
សម្តេចធិបតីបន្ថែមថា៖ «បើយើងប្រកួតប្រជែងគ្នាតែក្នុងប្រទេសតូចមួយ ប្រទេសជិតខាងគេធំណាស់ យើងគួរតែឯកភាពគ្នា រួមគ្នាបង្កើតកម្លាំងសរុប ដើម្បីយើងធានាតម្លៃ ធានាគុណភាព ធានាបរិមាណ ធ្វើការជាមួយគ្នា បើមិនអ៊ីចឹងទេ យើងធ្វើអត់ឈ្នះគេទេ។ ខ្ញុំជួបជាមួយវិស័យឯកជនច្រើនហើយ ខ្ញុំជួបរាប់សិបឆ្នាំហើយ ហើយមានយន្តការច្រើនណាស់ សមាគមស្រូវអង្ករ យន្តការរបស់រដ្ឋច្រើនក្រសួងស្ថាប័ន តែយើងសាកល្បងដាក់ទិសដៅចេញពីនេះមួយ ខ្ញុំឱ្យយកតែផលិតផលមួយ ឬពីរទេ ហើយខ្ញុំរៀបចំក្រុមការងារចំពោះកិច្ច ដើម្បីដើរទាក់ម៉ូយ។ មិនមែនគ្រាន់តែធ្វើពិព័រណ៍គ្រប់នោះទេ ត្រូវតែមានក្រុមការងារមួយដែលទទួលភារកិច្ចសម្រាប់តែដើរទៅប្រទេសនីមួយៗ ម៉ាប្រទេសយកតែផលិតផលមួយក៏បានដែរ មិនច្រើនទេ។»
សម្តេចលើកឡើងបន្តថា ខណៈលោកប្រធាធិបតី ស៊ី ជីនពីង គ្រោងនឹងបង្កើនកូតានាំចេញអង្កររបស់កម្ពុជាបន្ថែមទៀត ប្រមាណ២០%។ សម្តេចចង់ឱ្យក្រុមការងារ មិនមែនតែនាំចេញទៅតែនៅក្នុងទីក្រុងប៉េកាំងនោះទេ ត្រូវទៅសិក្សានឹងទំនាក់ទំនងម៉ូយនៅតាមបណ្តាខេត្តទៀតនៃប្រទេសចិនផងដែរ។
សម្តេចធិបតី មានប្រសាសន៍ទៀតថា ការដែលវិស័យឯកជនរួមគ្នាក្នុងសំឡេងតែមួយ នឹងទទួលបានអត្ថប្រយោជន៍ច្រើន ដែលនឹងធ្វើឱ្យការលក់ឬការនាំចេញកើនឡើង ជាពិសេសនោះ ពួកគេនឹងងាយស្រួលក្នុងការស្នើសុំការអនុគ្រោះផ្សេងៗ ដូចជាការសុំឱ្យទម្លាក់អត្រាពន្ធគយជាដើម៕