Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលដោះស្រាយកង្វល់វិស័យឯកជនសំដៅលើកកម្ពស់ការធ្វើធុរកិច្ច និងប្រកួតប្រជែងស្មើភាពគ្នា

Media LNN | Sep 19, 2023
រាជរដ្ឋាភិបាលដោះស្រាយកង្វល់វិស័យឯកជនសំដៅលើកកម្ពស់ការធ្វើធុរកិច្ច និងប្រកួតប្រជែងស្មើភាពគ្នា
Clinic narith

(ភ្នំពេញ)៖ កិច្ចប្រជុំការងារក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ​បានដោះស្រាយ​សំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យ​ឯកជនជួបប្រទះ និងការស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ​ពន្ធដារ ​និងអភិបាលកិច្ច “ក្រុម ឃ” (តំណាងរាជរដ្ឋាភិបាល) ​និងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៨ ខែកញ្ញា នេះបានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ​និងស្តាប់សំណូមពរ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយឱ្យ​បាន​សមស្របជូនវិស័យឯកជន ​វិនិយោគិន ​និងធុរជននៅក្នុងប្រទេសកម្ពុជា ។

ជុំវិញកិច្ចប្រជុំនេះដែរ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាត​ឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន ​និងរាជរដ្ឋាភិបាល លើបញ្ហាប្រឈម កង្វល់ ​និងសំណូមពររបស់វិស័យឯកជន, ​ហើយកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាលើ​របៀបវារៈមួយ​ចំនួនរួមមាន៖ ការអនុវត្តពន្ធអាករលើតម្លៃបន្ថែមលើផលិតផលបារីនាំចូល, ​ពាណិជ្ជកម្មខុសច្បាប់, សិទ្ធិផ្តាច់មុខ ​និងការនាំចូលរថយន្តម៉ូដែលចុងក្រោយស្ថិតក្រោមសិទ្ធិផ្តាច់មុខ, ការធ្វើបច្ចុប្បន្នភាព​ព័ត៌មានរបស់អ្នកជាប់ពន្ធតូច ​ឬសហគ្រាស​ដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ, និងការបញ្ចូល​ភាគហ៊ុននិកបន្ថែមរបស់​អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ និង​សហគ្រាសឯកបុគ្គល ។ កិច្ចប្រជុំក៏បានពិភាក្សាលើការស្នើសុំរៀបចំ “សៀវភៅ ស” ដែលជាការ​ចងក្រងនូវកំណត់ហេតុបូកសរុប និងការសម្រេចរបស់អង្គប្រជុំមុនៗផងដែរ ។

ជាលទ្ធផល, អង្គប្រជុំបានដោះស្រាយសំណូមពរ និងធ្វើការបំភ្លឺចំពោះកង្វល់ដែលវិស័យឯកជន​បានលើកឡើង ​និងបានស្នើឲ្យក្រ សួង-ស្ថាប័នពាក់ព័ន្ធ រៀបចំដាក់ចេញនូវវិធានការ​យន្តការ​សមស្រប សម្រាប់ដោះស្រាយតាមសមត្ថកិច្ច ​និងភារកិច្ចរៀងខ្លួនៗ ដើម្បីស្វែងរកដំណោះស្រាយ​សមស្រប យុត្តិធម៌ សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែង​ស្មើភាពគ្នា​ តម្លាភាព ​ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ ​និងបទប្បញ្ញាត្តិ ដែលមានជាធរមាន​៕