ត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ បំណុលអាមេរិកបានឡើងដល់កម្រិត ៣៣ ពាន់ពាន់លានដុល្លារជាលើកដំបូង ខណៈពលរដ្ឋអាមេរិកម្នាក់ៗជំពាក់គេរហូតដល់ ៩៧,០០០ ដុល្លារ ។
យោងតាមតួលេខរបស់រតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា បំណុលរបស់ប្រទេសនេះបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ចំពេលមានការពិភាក្សាអំពីថវិកានៅក្នុងសភា ហើយបើសិនជាគ្មាននិន្នាការទប់ស្កាត់ទេនោះ បំណុលអាចកើនឡើងដល់ ៣៤ ពាន់ពាន់លានដុល្លារនៅចុងឆ្នាំនេះ ។
នៅក្នុងខែមករា បំណុលអាមេរិក គឺមានជាង ៣១.៤ ពាន់ពាន់លានដុល្លារ ខណៈកាលពីខែមិថុនា បំណុលអាមេរិកមានត្រឹមតែ ៣២ ពាន់ពាន់លានដុល្លារប៉ុណ្ណោះ ។
បញ្ហាបំណុលនេះ ធ្លាប់ត្រូវបានចរចាជោគជ័យម្តងរួចមកហើយនៅក្នុងសភា ហើយលោកប្រធានាធិបតី Joe Biden ក៏បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបង្កើនដែនកំណត់បំណុល និងការពារប្រទេសពីការខកខានបង់បំណុលកាលពីខែមិថុនា ៕