ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ២០២៣ ឱ្យបានមុនថ្ងៃទី១ ខែតុលា ដើម្បីចៀសវាងនូវទណ្ឌកម្មរដ្ឋបាល។ នេះការក្រើនរំលឹកជាលើកទីបីហើយ របស់អគ្គនាយកដ្ឋានពន្ធដារ បន្ទាប់ពីសង្កេតឃើញម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទនេះនៅឡើយ។
សល់ពេលត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ! ការប្រកាសពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ ខណៈមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ នេះបើយោងតាមសេចក្តីជូនដំនណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩កញ្ញា។
ដើម្បីជំរុញការប្រមូលពន្ធប្រភេទនេះឱ្យអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងនូវការកកស្ទះ និងការប្រជៀតគ្នាមមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានដារ បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បំពេញកាតព្វកិច្ចបង់ប្រាក់ពន្ធ គឺសូមមេត្តារួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៣។ បើតាម អគ្គនាយកដ្ឋានពន្ធដារ ការប្រកាសបង់ពន្ធប្រភេទនេះ ម្ចាស់អចលនទ្រព្យ គឺអាចអនុវត្តបានគ្រប់កន្លែង នៃអគ្គនាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមកម្មវិធីGDT Taxpayer App។
អគ្គនាយកដ្ឋានពន្ធដារ បានព្រមានថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលកំណត់ខាងលើទេ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីពន្ធដារជាធរមាន។
ពន្ធលើអចលនទ្រព្យ សំដៅលើពន្ធដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយក្នុងតំបន់ទីក្រុង។ ពន្ធប្រភេទនេះ ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹង ២៥ ០០០ដុល្លារអាម៉េរិក។ តម្លៃទីផ្សារអចលនទ្រព្យត្រូវបានវាយតម្លៃ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕