សិង្ហបុរី៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរនៃប្រទេសសិង្ហបុរី បានប្រកាសរកឃើញករណីឧក្រិដ្ឋកម្មលាងលុយកខ្វក់ឆ្លងដែនដ៏ធំមួយ និងបានបន្តរីករាលដាលជាបន្តបន្ទាប់ដោយមានទ្រព្យសម្បត្តិសរុបក្នុងរង្វង់ទឹកប្រាក់ជាង ២.៤ពាន់លានដុល្លារ (សិង្ហបុរី) ដែលអាជ្ញាធរសិង្ហបុរីធើ្វការរឹបអូសបានពីក្រុមបុគ្គលជាប់ពាក់ព័ន្ធ ក្នុងអំឡុងដំណើរការស៊ើបអង្កេតអស់រយៈពេលជាងមួយខែមកនេះ ។
ចំនួនទឹកប្រាក់ខាងលើនេះ មានការកើនឡើងទ្វេដងបើធៀបនឹងចំនួនទឹកប្រាក់សរុបដំបូងដែលខាងអាជ្ញាធរសិង្ហបុរីធ្លាប់បានរឹបអូសពីក្រុមជនបរទេសពាក់ព័ន្ធករណីលាងលុយកខ្វក់ចំនួន១០នាក់ ក្នុងអំឡុងប្រតិបត្តិការឆ្មក់ចូលទីតាំងកន្លែងស្នាក់នៅរបស់ពួកគេក្នុងទឹកដីប្រទេសសិង្ហបុរី កាលពីពាក់កណ្តាលខែសីហាកន្លងទៅ។
បើតាមការបញ្ជាក់ពីមន្រ្តីនគរបាលសិង្ហបុរីនៅថ្ងៃពុធនេះ បានឱ្យដឹងថា នៅក្នុងដំណើរការស៊ើបអង្កេតរយៈពេលជាងមួយខែមកនេះ គេបានបន្តឆ្មក់ចូលតាមទីតាំងពាក់ព័ន្ធជាច្រើនកន្លែងផ្សេងទៀត ដោយបានធ្វើការរឹបអូសនិងចេញបញ្ជាឱ្យមានការបង្កកទុកនូវទ្រព្យសម្បត្តិ ក៏ដូចជារបស់របរមានតម្លៃផ្សេងៗជាច្រើន រួមមាន គណនីធនាគារមួយចំនួនដែលមានទឹកប្រាក់តម្កល់សរុបជាង ១.១២៧ពាន់លានដុល្លារសិង្ហបុរី និងលុយសុទ្ធជាង ៧៦លានដុល្លារសិង្ហបុរីផ្សេងទៀត ដោយចំនួននេះ មានការកើនឡើងដល់ទៅជាង ៣ដងបើធៀបនឹងទំហំទ្រព្យសម្បត្តិដែលអាជ្ញាធរសិង្ហបុរីធ្លាប់រឹបអូសបាន កាលពីខែសីហា ។
ក្រៅតែពីគណនីធនាគារនិងលុយសុទ្ធដ៏ច្រើននេះ សមត្ថកិច្ចសិង្ហបុរីក៏បានធើ្វការរឹបអូសយកដុំមាសគីឡូចំនួន ៦៨ដុំ ដោយកើនឡើង ៦៦ដុំ បើធៀបនឹងដុំមាសគីឡូដែលធ្លាប់រឹបអូសនៅដំណាក់កាលដំបូង និងប្រភេទកាបូបប្រណិតៗចំនួន ២៩៤កាបូក, នាឡិកាប្រណិតចំនួន ១៦៤គ្រឿង, គ្រឿងអលង្ការមានតម្លៃចំនួន ៥៤៦មុខ និងប្រភេទឧបករណ៍អេឡិចត្រូនិក រួមមាន កុំព្យូទ័រនិងទូរស័ព្ទទំនើបៗចំនួន ២០៤គ្រឿងផ្សេងទៀតផងដែរ ។
គិតមកដល់ពេលនេះ អាជ្ញាធរសិង្ហបុរី បានធើ្វការរឹបអូសអចលនទ្រព្យសរុបចំនួន ១១០កន្លែង រួមនិងរថយន្តសរុបចំនួន ៦២គ្រឿងហើយ ពីក្រុមបុគ្គលពាក់ព័ន្ធ ដោយគេបានប៉ាន់ស្មានជាទឹកប្រាក់សរុប ថាមានចំនួនប្រមាណជាង ១.២៤២ពាន់លានដុល្លារសិង្ហបុរី។ ជាងនេះទៅទៀត អាជ្ញាធរសិង្ហបុរីក៏បានរឹបអូសគណនីរូបិយប័ណ្ណគ្រីបតូដែលមានតម្លៃសរុបប្រហែលជាង ៣៨លានដុល្លារ រួមជាមួយនឹងប្រភេទស្រាដបប្រណិតៗ និងរបស់របរតាំងលម្អក្នុងគេហដ្ឋានជាច្រើនទៀតផង ។
គេបានប៉ាន់ស្មានជារួមថា ចំនួនទ្រព្យសម្បត្តិទាំងប៉ុន្មានខាងលើនេះ មានតម្លៃជាទឹកប្រាក់ប្រមាណជាង ២.៤ពាន់លានដុល្លារសិង្ហបុរី នេះបើតាមការបញ្ជាក់ដោយអាជ្ញាធរសិង្ហបុរី ស្របពេលដំណើរការស៊ើបអង្កេតលើករណីលាងលុយកខ្វក់នៅតែបន្តធើ្វឡើង ។
គួរបញ្ជាក់ជូនថា ក្រុមជនសង្ស័យចំនួន១០រូបដែលត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនកាលពីខែសីហា សុទ្ធសឹងជាពលរដ្ឋដើមកំណើតចិនដែលមានប្រើលិខិតឆ្លងដែននិងអត្តសញ្ញាណប័ណ្ណសញ្ជាតិសាយប្រឹស និងតួកគី ៕