ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវស្នើឲ្យរដ្ឋាភិបាលហាមឃាត់ការនាំចូលបន្លែ និងផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងប្រយុទ្ធប្រឆាំងនឹងអតិផរណា ។
ក្រសួងស្នើឲ្យមានការហាមឃាត់ការនាំចូលបន្លែមួយចំនួនដូចជា ស្ពៃក្តោប ខាត់ណា ខ្ទឹមបារាំង ខ្ទឹមស ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងបារាំង ការ៉ុត និងឆៃថាវក្រហមជាដើម ។
ក្រៅពីបន្លែ ក៏មានការហាមឃាត់នាំចូលសាច់ជ្រូក សាច់គោ និងផលិតផលត្រីមួយចំនួនផងដែរ លើកលែងតែសាច់ដែលមានតម្លៃថ្លៃ ដូចជា សាច់ចៀម និងសត្វអូដ្ឋប៉ុណ្ណោះ ខណៈការនាំចូលអាហារសមុទ្រ នឹងបន្តអនុញ្ញាតដូចធម្មតា ។
ចំណែកមូលហេតុដែលស្នើឲ្យមានការហាមឃាត់នេះ មន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបញ្ជាក់ថា ដោយសារតែឡាវអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុកបាន ។ ម្យ៉ាងទៀតកសិករអាចផលិតអង្ករ បន្លែ និងកសិផលផ្សេងទៀតបានប្រហែល ៦.៥៣ លានតោនជារៀងរាល់ឆ្នាំ ដូច្នេះវាអាចផ្តល់លទ្ធភាពឲ្យការប្រើប្រាស់ជាមធ្យមក្នុងមនុស្សម្នាក់ចំនួន ៦៨.២ គីឡូក្រាមក្នុងមួយឆ្នាំ ។
ទោះជាយ៉ាងនេះក្តី វាក៏នៅមានហានិភ័យមួយចំនួនផងដែរ ដោយសារតែកសិករឡាវភាគច្រើននៅតែប្រើវិធីធ្វើកសិកម្មបែបប្រពៃណី ស្របពេលដែលការផលិត និងការស្តុកទុកស្បៀងអាហារជាចម្បងសម្រាប់គ្រួសារមានតែមួយចំណែកតូចប៉ុណ្ណោះសម្រាប់លក់នៅលើទីផ្សារ ។
ដូច្នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេស រដ្ឋាភិបាលកំពុងជំរុញឲ្យកសិករ និងអាជីវកម្ម បង្កើនផលិតកម្មស្បៀងសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ព្រោះវានឹងបង្កើតរូបិយប័ណ្ណបរទេស និងជួយកាត់បន្ថយអត្រាប្តូរប្រាក់ខ្ពស់ជាដើម ។
យោងតាមពាណិជ្ជកម្មឡាវបានឲ្យដឹងថា ការនាំចូល និងនាំចេញមានលើសពី ១ ពាន់លានដុល្លារក្នុងខែកក្កដា ។ ក្នុងនោះការនាំចេញមានតម្លៃ ៤២៩ លានដុល្លារ ហើយការនាំចូលមានចំនួន ៥៩៥ លានដុល្លារ ខណៈឱនភាពពាណិជ្ជកម្មមាន ១៦៦ លានដុល្លារ ៕