Alynana Media Cambodia
Icon Collap
clinic narit

ការ​បង្កើន​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់ ​ជំរុញ​ឱ្យ​ជប៉ុន​តែងតាំង​មន្ត្រី​​ការពារជាតិ​ថ្មី

Admin Alynana | Sep 22, 2023
ការ​បង្កើន​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់ ​ជំរុញ​ឱ្យ​ជប៉ុន​តែងតាំង​មន្ត្រី​​ការពារជាតិ​ថ្មី
Clinic narith

ការ​បង្កើន​សមយុទ្ធ​យោធា​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់ ​និង​ជប៉ុន​កំពុង​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ជប៉ុន។

ជប៉ុន​បាន​តែងតាំង​មន្ត្រីការពារ​ជាតិ​សំខាន់ៗ​ចំនួន​ពីរ​រូប​កាលពី​សប្តាហ៍​មុន។ ក្រុមអ្នកវិភាគ​យល់​ថា​ ការផ្លាស់ប្តូរ​នេះ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​សារៈសំខាន់​ ដែល​ទីក្រុង​តូក្យូ​ភ្ជាប់​ជាមួយ​ស្ថានភាព​នៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់។

លោក Stephen Nagy ​អ្នកជំនាញ​សន្តិសុខ​ក្នុង​តំបន់​នៃ​សាកលវិទ្យាល័យ​ International Christian University (ICU) ​ក្នុង​ប្រទេស​ជប៉ុន​បាន​ប្រាប់​ VOA ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា៖​«ប្រទេស​ចិន​បាន​ចូលរួម​ក្នុង​សកម្មភាព​បង្កហេតុ​ជាច្រើន​នៅជិត​កោះតៃវ៉ាន់​ ហើយ​ប្រជាជន​ជប៉ុន​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ទាំងនេះ»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​ជប៉ុន​កំពុង​បញ្ជូន​សញ្ញា​មួយ​ទៅកាន់​ទីក្រុង​ប៉េកាំង​ថា​ ពួកគេ​ស្វែងរក​អាទិភាព​សន្តិភាព​ និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ ដោយ​តែងតាំង​មន្ត្រី​ដែល​គាំទ្រ​តៃវ៉ាន់​ឱ្យ​កាន់តំណែង​ពាក់ព័ន្ធ​នឹង​វិស័យ​ការពារ​ជាតិ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា​ជប៉ុន​បាន​តែងតាំង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែល​កំពុង​បម្រើការ​ឲ្យ​កាន់​តំណែង​ជា​អនុព័ន្ធ​ការពារ​ជាតិ​របស់ខ្លួន​នៅក្នុង​កោះតៃវ៉ាន់​ដោយ​ផ្លាស់ប្តូរ​គោលនយោបាយ​ពីមុន​ដែលតែងតាំងតែ​មន្ត្រី​កងកម្លាំងស្វ័យ​ការពារ​ជប៉ុន​ដែល​ចូលនិវត្តន៍​ទៅ​កាន់​តួនាទី​នៅ​សមាគម​ផ្លាស់ប្តូរ​ជប៉ុន-តៃវ៉ាន់ ​ដែល​ជា​អង្គការ​ ដែល​តំណាង​ឱ្យ​ផលប្រយោជន៍​របស់​ជប៉ុន​នៅ​ក្រុងតៃប៉ិ។

អ្នកជំនាញ​និយាយ​ថា​ការវិវឌ្ឍ​នេះ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ទីក្រុង​តូក្យូ​ក្នុង​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការសន្ទនា​ទាក់ទងនឹង​ស្ថានភាព​សន្តិសុខ​នៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់។ ពួកគេ​សង្ឃឹម​ថា​នឹង​សម្រេច​បាន​គោលដៅ​ដោយ​តែងតាំង​មនុស្ស​ត្រឹមត្រូវ​ឱ្យ​ធ្វើ​ជា​អនុព័ន្ធ​យោធា​។

លោក Alessio Patalano ​សាស្ត្រាចារ្យ​ផ្នែកសង្គ្រាម​ និង​យុទ្ធសាស្ត្រ​នៅ​អាស៊ីបូព៌ា​នៅ​មហា​វិទ្យាល័យ​ King's College London ​បាន​ប្រាប់​ VOA ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ថា​៖ «[ការផ្លាស់ប្តូរនេះ]​ បញ្ជាក់​ពី​សមត្ថភាព​ក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនង​ឱ្យ​កាន់តែ​រឹងមាំ​នៅ​កម្រិត​មន្ត្រី»។

លោក​បាន​បន្ថែម​ថា៖​«ស្ថិរភាព​នៅ​ទូទាំង​ច្រកសមុទ្រ​តៃវ៉ាន់​មាន​ផល​ប៉ះពាល់​ដែល​មិនអាច​ជៀស​បាន​សម្រាប់​សន្តិសុខ​របស់​ជប៉ុន​ហើយ​មាន​ការយល់ឃើញ​កាន់តែច្រើន​ឡើង​នៅក្នុង​ទីក្រុង​តូក្យូ​ដែល​ថា​មាន​មន្ត្រី​ម្នាក់​នៅក្នុង​ទីក្រុង​តៃប៉ិ​ធ្វើឱ្យ​មាន​ភាពងាយ​ស្រួល​ក្នុង​ការសន្ទនា​ប្រកប​ដោយ​គុណភាព​កាន់តែ​ប្រសើរ​ឡើង»។

បន្ថែម​ពីលើ​ការតែងតាំង​ថ្មី​នៃ​អនុព័ន្ធ​ការពារ​ជាតិ​នៅ​តៃវ៉ាន់​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida ​ក៏​បាន​តែងតាំង​ លោក​Minoru Kihara​ដែល​ជា​អ្នកនយោបាយ​ដែល​មាន​ប្រវត្តិក្នុង​ការលើក​កម្ពស់​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​ទីក្រុងតូក្យូ ​និង​ក្រុង​តៃប៉ិ ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​ប្រទេស​ជប៉ុន។ ការតែងតាំងលោក​ Kihara ​គឺជា​ផ្នែក​មួយ​នៃ​ការរុះរើ​គណៈ​រដ្ឋមន្ត្រី​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃទី​១៣​ ខែកញ្ញា។

ជា​ការឆ្លើយតប​ទៅនឹង​ការតែងតាំង​មន្ត្រី​ការពារ​ជាតិ​ដែល​ប្រកាស​ដោយ​ប្រទេស​ជប៉ុន ​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា​ខ្លួន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​ណាមួយ​ដែល​មាន​ទំនាក់ទំនង​ការទូត​ជាផ្លូវការ​ជាមួយ​ប្រទេស​ចិន​ហើយ​ធ្វើការ​ផ្លាស់ប្តូរ​ទំនាក់​ទំនង​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់។

លោក​ Chen Binhua ​អ្នក​នាំ​ពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​របស់​ប្រទេស​ចិនបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​ថា៖​«ចិន​ជំរុញ​ឱ្យ​ភាគី​ជប៉ុន​រៀន​ពី​មេរៀន​ប្រវត្តិសាស្ត្រ ​គោរព​តាម​គោលការណ៍​ចិន​តែមួយ​ និង​ស្មារតី​នៃ​ឯកសារ​នយោបាយ​ចិន-ជប៉ុន​ទាំង​បួន ​ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ពាក្យ​សម្ដី​ និង​សកម្មភាព​របស់​ខ្លួន​លើ​បញ្ហា​តៃវ៉ាន់»៕