៣សប្តាហ៍ចុងក្រោយ ធនាគារជាតិនៃកម្ពុជា(NBC) បានបញ្ចេញប្រាក់ក្នុងទីផ្សារអស់៨០លានដុល្លារអាម៉េរិក ដើម្បីគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់។ ការបញ្ចេញសាច់ប្រាក់ទាំងនេះ ត្រូវបានធ្វើឡើងតាមរយៈការដាក់ឱ្យដេញថ្លៃជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់នៅកម្ពុជាទាំងអស់។
ធនាគារជាតិធ្វើអន្តាគមន៍ក្នុងទីផ្សារអត្រាប្តូរប្រាក់បែបនេះ គឺដើម្បីជួយពង្រឹងអំណាចទិញប្រាក់រៀល និងរួមចំណែកគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ ខណៈកម្ពុជារងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិកក្នុងទីផ្សារអន្តរជាតិ។ បើតាមធនាគារជាតិ ប្រាក់ចំនួន៨០លានដុល្លារនោះ ត្រូវបានបញ្ចេញក្នុងទីផ្សារតាមដំណាក់កាល។
ក្នុងនោះ ធនាគារជាតិបញ្ចេញប្រាក់ចំនួន១០លានដុល្លារថ្ងៃទី៦កញ្ញា, ទឹកប្រាក់១៥លានដុល្លារ នៅថ្ងៃទី៨កញ្ញា, ទឹកប្រាក់១០លានដុល្លារ នៅថ្ងៃទី១៣កញ្ញា, ទឹកប្រាក់២៥លានដុល្លារ នៅថ្ងៃទី១៥កញ្ញា, ទឹកប្រាក់១០លានដុល្លារ នាថ្ងៃទី២០កញ្ញា និង១០លានដុល្លារទៀត នៅថ្ងៃទី២២កញ្ញា។
ដ្បិត បច្ចុប្បន្នការបញ្ចេញប្រាក់ដុល្លារទាំងនេះ បានធ្វើឱ្យអត្រាប្តូររៀលធៀបនឹងដុល្លារអាម៉េរិក ធ្លាក់ដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារក្តី ប៉ុន្តែធនាគារ នឹងបន្តធ្វើអន្តរាគមន៍បែបនេះ រហូតដល់ស្ថានភាពអត្រាប្តូរប្រាក់នៅកម្ពុជា មានលំនឹងឡើងវិញ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិកាលពីថ្ងៃទី១៨កញ្ញា បានរៀបរាប់យ៉ាងដូច្នេះ៖ «ដោយឃើញការប្រែប្រួលតម្លៃប្រាក់ដុល្លារនៅលើទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងអនាគត ធនាគារជាតិ សម្រេចបន្តគ្រប់គ្រងសម្ពាធលើទីផ្សារប្រាក់បន្ថែមទៀត»។ សម្រាប់នៅថ្ងៃទី២៧ និង២៩ ខែកញ្ញា ធនាគារជាតិ នឹងបញ្ចេញប្រាក់ចំនួន៣០លានរៀលដុល្លារ នៅក្នុងទីផ្សារអត្រាប្តូរប្រាក់។
បើតាមធនាគារជាតិ ការអន្តរាគមន៍នេះ នឹងត្រូវធ្វើឡើងចំនួន២ដងក្នុងមួយសប្តាហ៍( គឺថ្ងៃពុធ និងថ្ងៃសុក្រ) រហូតដល់ចុងសប្តាហ៍ទី២នៃខែតុលា ឆ្នាំ២០២៣។ កន្លងមកលោកស្រី ជា សិរី អគ្គទេសាភិបាលធនគារជាតិ បានលើកឡើងថា ការបញ្ចេញប្រាក់ដុល្លារដើម្បីទិញប្រាក់រៀលពីទីផ្សារមកវិញនេះ គឺដោយសារភាពតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តជាតិ និងការកើតឡើងរលកថ្មីៗនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានភាពរអាក់រអួលដល់សកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដែលឥទ្ធិពលនេះបានបង្កើតជាសម្ពាធដល់ដំណើការ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។
កាលឆ្នាំ២០២១ ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ចំនួន ៥៥៤,២លានដុល្លារ ដើម្បីប្រមូលទិញប្រាក់រៀលពីទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀលនៅលើទីផ្សារ។ ដោយឡែក ក្នុងឆ្នាំ២០២២ ធនាគារជាតិ មិនបានបញ្ចេញប្រាក់ដុល្លារ ឬធ្វើអន្តាគមន៍ក្នុងទីផ្សារប្តូរប្រាក់ឡើយ។ រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៣ ទើបធនាគារជាតិ ធ្វើអន្តាគមន៍ក្នុងទីផ្សារនេះ ព្រោះតែប្រាក់ដុល្លារអាម៉េរិក បន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។ ការណ៍ដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ៕