(ភ្នំពេញ)៖ បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ) មានគម្រោងវិនិយោគជាច្រើនសរុបចំនួន ១៣៩គម្រោង ខណៈក្នុងនោះក៏មានយីហោល្បីៗជាច្រើនកំពុងសម្ងំលាក់ខ្លួនក្នុងតំបន់នេះផងដែរ។ អ្វីដែលចាប់អារម្មណ៍មានយីហោល្បីៗលំដាប់អន្ដរជាតិចំនួន៥ រួមមាន៖ ណៃគី(Nike) ប៉ូឡូ(Polo) ពូម៉ា(Puma) លូលូឡេម៉ុន(Lululemon) និង Coca-Cola កំពុងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ។
យោងតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញទស្សនកិច្ចក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្រុមហ៊ុនដែលកំពុងផលិតវិនិយោគផលិតផលិតផលយីហោទាំង ៥ ខាងលើរួមមាន៖
១. ក្រុមហ៊ុន Marvel Garment Co., Ltd. វិនិយោគលើការកាត់ដេរសម្លៀកបំពាក់ម៉ាក ណៃគី(Nike) ប៉ូឡូ(Polo) ពូម៉ា(Puma) និងលូលូឡេម៉ុន(Lululemon) ជាដើម។ ក្រុមហ៊ុននេះបានចាប់ដំណើរការវិនិយោគ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៤៥ហិកតា និងបានបង្កើតការងារបានចំនួន ១៣.៣០០កន្លែង។
២. ក្រុមហ៊ុន Cambodia Beverage Company., Ltd. ផលិតផលិតផលភេសជ្ជៈ Coca-Cola តែ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈបំពេញជាតិទឹកជាដើម។ ក្រុមហ៊ុននេះ ចាប់ផ្តើមដំណើរការក្នុងកំឡុងខែតុលា ឆ្នាំ២០១៥ ដែលមានទុនវិនិយោគចំនួន ១០០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ១២,៥ហិកតា និងបានបង្កើតការងារចំនួន ២៣០កន្លែង៕