គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មនៅក្នុងវិស័យនេះ។ យោងតាមសារព័ត៌មាន Politico ។
ស្របពេលដែលរថយន្តអគ្គិសនីរបស់ចិនកំពុងឈានជើងចូលទីផ្សារអឺរ៉ុបដោយទទួលបានការពេញនិយម ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី២០ ខែកញ្ញា បានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើការនាំចូលពីប្រទេសនេះ ដែលវាជាជំហានមួយអាចនឹងឈានទៅរកសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្លុកនេះ និងសេដ្ឋកិច្ចទីពីររបស់ពិភពលោក។
លោកស្រី Ursula von der Leyen បានវាយតម្លៃថា ទីផ្សារពិភពលោកបច្ចុប្បន្នត្រូវបានលុកលុយដោយរថយន្តអគ្គិសនីរបស់ចិនដែលមានតំលៃថោក។ ការឧបត្ថម្ភធនដ៏ធំពីរដ្ឋជាដើមហេតុធ្វើឲ្យតម្លៃរថយន្តអគ្គិសនីចិនមានតម្លៃទាប ដែលនេះជាការបង្ខូចទ្រង់ទ្រាយទីផ្សារអឺរ៉ុប។
ការវិនិយោគដ៏ច្រើនរបស់ចិនបានជួយឱ្យប្រទេសនេះក្លាយជាក្រុមហ៊ុនផលិតដ៏លេចធ្លោនៃបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនី។ ការលក់រថយន្តអគ្គិសនីជាសកលនៅឆ្នាំ ២០២៣ ត្រូវបានព្យាករថានឹងកើនឡើងជិត១ភាគ៣ ដល់ជាង ១៤លានគ្រឿងជាមួយនឹងតម្លៃ ៥៦០ពាន់លានដុល្លារ។ អ្នកនយោបាយអឺរ៉ុបមួយចំនួនជឿថា បើគ្មានការប្រកួតប្រជែងដោយយុត្តិធម៌ទេ ឧស្សាហកម្មរថយន្តរបស់សហភាពអឺរ៉ុបនឹងបាត់បង់។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់អាម៉េរិក Canalys រថយន្តអគ្គិសនីរបស់ចិនអាចដំណ្តើមទីផ្សារបានចំនួន ១៦,៥ភាគរយនៃការលក់សរុបនៅអឺរ៉ុបនៅឆ្នាំ ២០២៥។ លោក Kevin Kang ប្រធានសេដ្ឋវិទូនៅ KPMG China ព្យាករថា ចំណែកទីផ្សាររបស់ចិននៅឆ្នាំនេះនឹងកើនឡើងដល់ ១៥ភាគរយដូចជា BYD, Nio និង Li Auto គឺទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់។
ចំណាត់ការរបស់គណៈកម្មការអឺរ៉ុបបានធ្វើឲ្យរដ្ឋមន្ត្រីបារាំងមានពេញចិត្តជាខ្លាំង។ លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបាននិយាយថា ៖« ខ្ញុំស្វាគមន៍ការស៊ើបអង្កេតនេះ។ ប្រសិនបើការឧបត្ថម្ភធនទាំងនេះមិនគោរពតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក អឺរ៉ុបត្រូវតែអាចទប់ទល់បាន»។
ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck ក៏បានគាំទ្រការសម្រេចចិត្តនេះដែរ។ មកទល់ពេលនេះ ចិនមិនទាន់បានឆ្លើយតបនៅឡើយទេ។
ចិនបានគ្រប់គ្រង ៦០ភាគរយនៃផលិតកម្មថ្មសាកលរួចទៅហើយ ដែលគណកម្មការអឺរ៉ុបមានការព្រួយបារម្ភថា ប្រសិនបើគ្មានវិធានការឆ្លើយតបទេ ក្រុមហ៊ុនចិននឹងអាចគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនី ។
ការប្រកាសរបស់លោកស្រី Von der Leyen ធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅទីក្រុងញូវដេលី។ នៅពេលនោះ លោក លី បានអំពាវនាវឱ្យលោកស្រីគាំទ្រគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ តែងតែបើកទីផ្សារពាណិជ្ជកម្ម វិនិយោគ និងផ្តល់បរិយាកាសយុត្តិធម៌ តម្លាភាព និងគ្មានការរើសអើងសម្រាប់សហគ្រាសចិន។
ចំណាត់ការរបស់លោកស្រី Von der Leyen បានផ្តល់ឱ្យស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis ជាមួយអំណាចដ៏សំខាន់ក្នុងការចរចាជាមួយសមភាគីចិននៅពេលលោកធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែកញ្ញា។ លោក Dombrovskis រំពឹងថាចិននឹងកាត់បន្ថយរបាំងពាណិជ្ជកម្មលើការនាំចេញរបស់អឺរ៉ុបដោយជួយយកឈ្នះលើឱនភាពពាណិជ្ជកម្មទ្វេភាគីដែលកំពុងកើនឡើង។ កិច្ចប្រជុំនេះគឺជាផ្នែកមួយនៃដំណើរការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអឺរ៉ុប-ចិន ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
បន្ថែមពីលើភាពចម្រូងចម្រាសអំពីហានិភ័យនៃការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរថយន្តអគ្គិសនីអ្នកជំនាញមួយចំនួនជឿថា វានៅតែគ្មានមូលដ្ឋានដើម្បីមើលឃើញយ៉ាងច្បាស់ថាក្រុមហ៊ុនផលិតរថយន្តរបស់ចិនកំពុងលុកលុយទីផ្សារដោយការបោះចោលរថយន្តអគ្គិសនីដែលមានតំលៃថោក។
លោក Matthias Schmidt អ្នកវិភាគរថយន្តឯករាជ្យបាននិយាយថា ៖« តាមពិតទៅ អាជីវកម្មចិននៅតែអាចលក់រថយន្តដើម្បីរកប្រាក់ចំណេញនៅអឺរ៉ុបក្នុងតម្លៃខ្ពស់ជាងការផ្តល់ជូននៅចិន បន្ទាប់ពីពិចារណាលើតម្លៃដឹកជញ្ជូន និងពន្ធគយ»។
លើសពីនេះ ខណៈពេលដែលយុទ្ធសាស្រ្តអគ្គិសនីរបស់ចិនត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីរដ្ឋយ៉ាងសំខាន់ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះកំពុងផ្តោតការយកចិត្តទុកដាក់របស់ពួកគេលើផ្នែកបុព្វលាភ ជំនួសឱ្យការកាត់បន្ថយការចំណាយនៅផ្នែកដ៏ពេញនិយម។
អ្នកជំនាញ Matthias Schmidt បាននិយាយថា ៖« កុំភ្លេចថា Volkswagen កំពុងលក់ទម្លាក់តម្លៃដោយជោគជ័យនៅក្នុងទីផ្សារចិន នៅពេលដែលម៉ូដែលរថយន្តអគ្គិសនី ID.3 របស់ពួកគេត្រូវបានចុះបញ្ជីនៅទីនេះទាបជាងតម្លៃនៅអឺរ៉ុប» ។
បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនជាផ្លូវការ ក្រសួងពាណិជ្ជកម្មរបស់ EC ត្រូវតែបង្ហាញថា ចិនកំពុងឧបត្ថម្ភធនដល់ក្រុមហ៊ុនដែលនាំចេញរថយន្តអគ្គិសនីទៅកាន់សហភាពអឺរ៉ុប ហើយថានេះកំពុងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបចំពោះឧស្សាហកម្មរថយន្តអឺរ៉ុប។
មេធាវីពាណិជ្ជកម្មម្នាក់បានប្រាប់ Politico ថា វាមិនងាយស្រួលទេក្នុងការស្វែងរកភស្តុតាងគ្រប់គ្រាន់ដើម្បីប្តឹងដោយបន្ថែមថា EC តែងតែប្រើវិធីសាស្រ្តនយោបាយចំពោះការស៊ើបអង្កេតបែបនេះ។
លោក Simone Tagliapietra អ្នកជំនាញនៅអង្គការប្រឹក្សា Bruegel បាននិយាយថា ការបើកការស៊ើបអង្កេតគឺជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ ហើយវានឹងត្រូវការពេលវេលាដើម្បីដាក់ពន្ធនាំចូល។ លោកបានបន្តថា ៖« នៅទីបំផុត វាអាចដំណើរការបាន ប៉ុន្តែវាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងគោលនយោបាយឧស្សាហកម្មសកម្ម ដែលធានាឱ្យឧស្សាហកម្មរថយន្តរបស់ EU អភិវឌ្ឍភាពប្រកួតប្រជែងរបស់ខ្លួនយ៉ាងឆាប់រហ័ស»៕