បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគឺមានទាំងស្ពានអាកាស និង ផ្លូវក្រោមដី។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា គម្រោងរថភ្លើងចំនួនពីរ បន្ថែមទៀត មានទាំងក្រោមដីនិងលើអាកាស។ នេះបើយោងតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងកំពុងសិក្សាប្រព័ន្ធរទេះភ្លើងនៅលើអាកាស និងប្រព័ន្ធក្រោមដី នៅក្នុងទីក្រុងភ្នំពេញ…ព្រោះធ្វើលើដីទៅលែងរួចទៀតហើយ…ផ្ទះពេញហើយ មនុស្សចេះតែកើន យើងមិនអាចហាមប្រជាជនមិនអោយកើតកូនបាននោះទេ…តាមពិតខ្មែរយើងត្រូវតែកើតកូនអោយបានច្រើន”។
សូមជម្រាបផងដែរថា កាលពីថ្មីៗកន្លងទៅ រាជរដ្ឋាភិបាលក៏ធ្លាប់លើកឡើងរួចមកហើយទាក់ទងនឹងគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ១ ខ្សែដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោក្រុងតាខ្មៅ ដើម្បីសម្រួលដល់ការធ្វើដំណើរនៅពេលអាកាសយានដ្ឋានដ៏ធំនេះបើកដំណើរការផងដែរ៕