Alynana Media Cambodia
Icon Collap
clinic narit

ក្នុងរបត់នៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក៖ គេរំពឹងថាចិន នឹងបាត់បង់ការងារ ៣លានកន្លែង ទៅឱ្យវៀតណាម

Media LNN | Sep 27, 2023
ក្នុងរបត់នៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក៖ គេរំពឹងថាចិន នឹងបាត់បង់ការងារ ៣លានកន្លែង ទៅឱ្យវៀតណាម
Clinic narith

នៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមរៀបចំយុទ្ធសាស្ត្រខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន បរិការណ៍នេះ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ប្រទេសចិន។ របាយការណ៍របស់ Rabobank ក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា ការងារក្នុងប្រទេសចិនដែលមានចំនួនរហូតដល់ ២៨លានការងារ ពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់ប្រទេសលោកខាងលិច។ ដូច្នេះហើយ យុទ្ធសាស្ត្រ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលមេដឹកនាំអាមេរិកទើបតែនឹងបានចុះហត្ថលេខាថ្មីៗជាមួយវៀតណាមនេះ អាចជះឥទ្ធិពលដល់ជីវភាពរស់នៅរាប់លាននាក់ក្នុងប្រទេសចិន ជាពិសេសនៅក្នុងវិស័យផលិតកម្មនិងកម្មន្តសាលបច្ចេកវិទ្យាធុនទាប។ ប្រហែល ៣.០០០.០០០ នៃចំនួនការងារសរុបនៅប្រទេសចិន ត្រូវបានគេរំពឹងថានឹងផ្លាស់ទីពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម ដែលជាសញ្ញានៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពផលិតកម្មពិភពលោក។

ប្រទេសចិនដែលត្រូវបានគេចាត់ទុកថាជារោងចក្ររបស់ពិភពលោកអស់ពេលជាយូរមកហើយ កំពុងប្រឈមមុខនឹងសម្ពាធផ្សេងៗ រួមទាំងការកើនឡើងថ្លៃពលកម្ម និងបរិយាកាសប្រតិបត្តិការដែលមិនអាចទុកចិត្តបាន កំពុងតែមានបញ្ហាកាន់តែខ្លាំងឡើង។ ជាលទ្ធផល ក្រុមហ៊ុនសាជីវកម្មធំៗកំពុងវាយតម្លៃឡើងវិញនូវទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយប្រទេសចិន។ ក្នុងអំឡុងពេលសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៨ អាជីវកម្មគ្រប់ទំហំបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងប្រតិបត្តិការផលិតកម្មរបស់ពួកគេទៅកាន់ទីផ្សារដែលកំពុងរីកចម្រើនដូចជាវៀតណាម និងឥណ្ឌា ដែលជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងតម្លៃពន្ធខ្ពស់ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។

ដោយឡែក សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់វៀតណាមវិញ កំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៣ វៀតណាមបានទាក់ទាញការវិនិយោគបរទេសប្រមាណ ១៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៨% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនល្បីៗដូចជា Samsung, LG, និង Foxconn ដែលជាក្រុមហ៊ុនធំៗផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple បាននាំគ្នាទៅបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាម។ ទាំងនេះ អាចរាប់បានថាជាសក្តានុពលល្អៗរបស់វៀតណាម សម្រាប់ទាក់ទាញវិនិយោគអាមេរិក បើធៀបនឹងស្ថានភាពបច្ចុប្បន្ននៃបរិយាកាសវិនិយោគរបស់ចិន។

 

 

ទោះបីជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏វៀតណាមប្រឈមមុខនឹងបញ្ហាមួយចំនួន។ ជាមួយនឹងចំនួនប្រជាជនប្រហែល ១០០ លាននាក់ ប្រទេស អាស៊ានមួយនេះ មានកង្វះខាតកម្មករជំនាញខ្ពស់ ដែលបច្ចុប្បន្នមានត្រឹមតែ ១១% នៃកម្លាំងពលកម្មសរុបទូទាំងប្រទេសប៉ុណ្ណោះ។ ជាងនេះទៅទៀត ប្រទេសនេះជួបបញ្ហាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការខ្វះខាតអគ្គិសនី។

ចំពោះប្រទេសមហាអំណាចពិភពលោកដូចជាសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ គឺជាឱកាសមាសមួយដើម្បីឱ្យអាមេរិកកសាងបានដៃគូរកស៊ីថ្មីសម្រាប់ធ្វើឧស្សាហូបនីយកម្មនៅវៀតណាម ឆ្លើយតបនឹងតម្រូវការទីផ្សារអាមេរិក។ ក្នុងពេលដំណាលគ្នា ការផ្លាស់ប្តូរនេះស្របទៅនឹងការផ្លាស់ប្តូរបន្តិចម្តងៗពីភាពលេចធ្លោខាងឧស្សាហកម្មរបស់ប្រទេសចិន។ សម្រាប់វៀតណាម មិត្តភាពថ្មីជាមួយអតីតសត្រូវនេះ តំណាងឱ្យឱកាសដ៏ច្រើនក្នុងការទាក់ទាញការវិនិយោគទ្រង់ទ្រាយធំ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន៕