ភ្នំពេញ ៖ ក្រុមហ៊ុន ASF Sporting Good Co.,Ltd ដែលមានប្រតិបត្តិការនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០១៧ មកបានប្រកាសបិទរោងចក្រឈប់ដំណើរការ ចាប់ពីថ្ងៃទី០១ តុលា ឆ្នាំ ២០២៣ ដោយសារតែមិនមានអ្នកបញ្ជាទិញ ។
នៅថ្ងៃទី២៥ កញ្ញា ២០២៣ ក្រុមហ៊ុន ASF Sporting Good Co.,Ltd បានប្រកាសជូនដំណឹងដល់កម្មករ កម្មការិនី និងបុគ្គលិកទាំងអស់របស់ខ្លួនថា ដោយសារវិបត្តិសេដ្ឋកិច្ចសាកល និងសង្គ្រាមរវាងរស្ស៊ីនិងអ៊ុយក្រែន ដែលនាំឱ្យរោងចក្រនេះមិនមានការបញ្ជិទិញតទៅទៀត ហើយក្រុមហ៊ុនក៏អស់លទ្ធភាពក្នុងការរង់ចាំការបញ្ជាទិញពីភ្ញៀវតទៅទៀតដែរ ដូច្នេះក្រុមហ៊ុនសូមជូនដំណឹងពីការបិទរោងចកក្រឈប់ដំណើរទាំងស្រុងចាប់ពីថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០២៣នេះតទៅ ។
រោងចក្រមួយនេះមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ភូមិធ្លក ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានកម្មករ កម្មការិនីប្រមាណ៥០០នាក់ ដែលមានថៅកែជាជនជាតិចិន ។
បើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាបានឱ្យដឹងថានៅក្នុងឆ្នាំ ២០២៣នេះ មានរោងចក្រជាច្រើនបានបិទទ្វារ និងព្យួរការងារ តែក្នុងឆ្នាំនេះដែរក៏មានរោងចក្រជាច្រើនទៀតបានសុំដំណើរការនិងវិនិយោគនៅកម្ពុជា ដូច្នេះក្នុងឆ្នាំ ២០២៣នេះ រោងចក្រនៅកម្ពុជាមានបើកមានបិទ ។
យ៉ាងណាក្ដីបើតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៣នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងទៅកាន់ទីផ្សារក្រៅប្រទេសបានធ្លាក់ចុះរហូតដល់១៨,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ៕